ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា៖ អាជ្ញាធរថៃ មានការព្រួយបារម្ភ ចំពោះការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប នឹង វៀតណាម

ភ្នំពេញ៖ លោក ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អាជ្ញាធរថៃ កំពុងព្រួយបារម្ភ ចំពោះប្រការ ដែលការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប នឹង វៀតណាម ដែលនឹងចូលជាធរមាន នៅឆ្នាំនេះ នឹងស្រូបទាញ ឧស្សាហកម្មរថយន្ត កុំព្យូទ័រ សំលៀកបំពាក់ និង សៀរគ្វីអគ្គិសនី ពីប្រទេសថៃ ទៅប្រទេសវៀតណាមអស់ ។

ថ្លែងឲ្យដឹងតាមរយៈ បណ្តាញសាអេឡិចត្រូនិក តេឡេក្រាម លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី សហភាពអឺរ៉ុប-វៀតណាម ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២ ធ្នូ ២០១៥ ហើយក្រោយពីការអោយសច្ចាប័នហើយ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅឆ្នាំ២០១៩នេះ ដែលយោងលើកិច្ចព្រមព្រៀងនេះ ទំនិញ ៧១% ដែលសហភាពអឺរ៉ុប នាំចូលពីប្រទេសវៀតណាម នឹងត្រូវបាន កាត់ពន្ធចេញភ្លាម ហើយនឹងបន្តកាត់ចំពោះទំនិញឯទៀត នៅឆ្នាំបន្តបន្ទាប់ ហើយ ផលិតផល ដែលវៀតណាមនាំចូល ពីសហភាពអឺរ៉ុប ចំនួន ៦៥ % នឹងត្រូវកាត់ពន្ធចេញដែរ” ។

លោកបន្តថា “នៅឆ្នាំ ២០១៧ វ៉ូលូមពាណិជ្ជកម្មរវាងវៀតណាម នឹង សហភាពអឺរ៉ុបមានទាំងអស់ ៥០ ៤០០ លានដុល្លារ ក្នុងនោះវៀតណាមនាំចេញក្នុងទំហំ ៣៨ ៤០០ លានដុល្លារ និង នាំចូល ១២ ១០០ លានដុល្លារ – កាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ១៥ មេសា ២០១៩” ៕

Facebook Comments

To Top