អន្តរជាតិ

ព្រះមហាក្សត្រថៃ សម្តែងព្រះហឬទ័យ ព្រួយបារម្ភ បន្ទាប់ពីមានអ្នកស្លាប់ច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍

បរទេស៖ ព្រះមហាក្សត្រថៃ បានសម្តែងព្រះហឬទ័យព្រួយបារម្ភ ក្រោយពីអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងជិត ២០០នាក់ អំឡុងពេលថ្ងៃឈប់សម្រាក រយៈពេល ៧ថ្ងៃ នៃថ្ងៃសង្ក្រាន្ត ក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងព្រះរាជសារ របស់ព្រះអង្គ ផ្ញើជូនលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្រ្តី ព្រះអង្គបានលើកទឹកចិត្តប៉ូលីស យោធា មន្រ្តីភ្នាក់ងាររដ្ឋ និងអ្នកស្ម័គ្រចិត្ត ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលការធ្វើដំណើរ ឱ្យមានសុវត្ថិភាពនៅទូទាំងប្រទេស។ នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យរងរដ្ឋាភិបាល គឺលោក Werachon Sukondhapatipak កាលពីថ្ងៃម្សិលមិញ។

អាជ្ញាធរបានកំណត់រយៈពេល ៧ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយនឹងបញ្ចប់នៅថ្ងៃពុធ សម្រាប់ការអនុវត្តច្បាប់តឹងរ៉ឹង រួមទាំងការចោទប្រកាន់ ពីបទឃាតកម្មប្រឆាំង នឹងអ្នកបើកបរស្ថិតក្រោមឥទ្ធិពល គ្រឿងស្រវឹង ខណៈស្ថិតិបង្ហាញឱ្យឃើញ ពីការស្លាប់និងរបួស នៅតាមដងផ្លូវ បានកើនឡើង ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ។

ព្រះមហាក្សត្រថៃ បានជំរុញឱ្យរដ្ឋាភិបាល ត្រូវបង្កើនយុទ្ធនាការ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស ឱ្យមកនៅត្រឹមសូន្យ ។ លោកឧត្តមសេនីយ៍ Werachon បាននិយាយថា កត្តានេះ សម្រេចតែនៅខេត្ត សាមុត ប្រាខន មួយគត់។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បាននិយាយថា ព្រះមហាក្សត្រ មានព្រះទ័យចង់ឱ្យរដ្ឋាភិបាល ត្រូវប្រាកដថា អាជ្ញាធរ និងអ្នកស្ម័គ្រចិត្ត ទទួលបានគ្រប់ជំនួយ ដែលពួកគេត្រូវការ៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top