ព័ត៌មានជាតិ

តុលាការ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ដៃ​ខ្លាំង​ ដែល​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​ នៅ​ផ្សារ​កណ្ដាល​ ដាក់​ពន្ធនាគារ​ព្រៃស​

ភ្នំពេញ​៖នៅ​ថ្ងៃទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊េីបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នាក់​ ដល​មាន​រហស្សនាម​បុរស​ដៃ​ខ្លាំង​ ដាក់​ពន្ធនាគារ​ព្រៃ​សបណ្តោះអាសន្ន​ព្រោះ​បាន​ទះ​កំផ្លៀង​ស្ត្រី​ម្នាក់​ដួល​អុក​គូទ​ ផ្សារ​កណ្ដាល​ ។

​លោក​សឿន​ មុនី​រ័ត្ន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​បុរស​រូប​នេះ​ពី​បទ​ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

សូម​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ​ ដែល​មហាជន​ឱ្យ​រហស្សនាម​ថា​បុរស​ដៃ​ខ្លាំង​ ធ្លាប់ជាប់គុកព្រៃស​រយៈពេល១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧ដល់​ឆ្នាំ​២០០៨ ពីបទ​បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបាន​ប្តឹង​ដោយឪពុកម្ដាយបង្កើត តែម្ដង​ ។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។

បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន​ ៕គិរី​

Facebook Comments

To Top