ព័ត៌មានជាតិ

ករណីគ្រឿងញៀន នៅក្លិប “ម៉ៃ អាមី”សមត្ថកិច្ច បញ្ជូនមេខ្លោង និង បក្ខពួក៦នាក់មកតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ នេះ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បញ្ជូនឈ្មោះ ស្រេង វីរៈ ហៅ លក្ខណ៍ ម្ចាស់ក្លិបកម្សាន្ត “ម៉ៃ អាមី”និង បក្ខពួក៦នាក់ មកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា ទីតាំងក្លិបកម្សាន្ត “ម៉ៃ អាមី” ជាកន្លែងផលិតគ្រឿងញៀន ដែលដំបូងឡើយឃាត់ខ្លួនមនុស្ស ៥០នាក់ និងគ្រឿងញៀនជាច្រើន ។ ប៉ុន្តែក្រោយមកសលតែជនសង្ស័យ ៧នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនមកតុលាការ ។

នេះបេីតាមការបញ្ជាក់របស់នគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះ តុលាការកំពុងធ្វើការ សាកសួរជនសង្ស័យទាំង ៧នាក់នេះ ។

ដោយឡែកលោក ម៉េត មាស ភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងថា ក្លិបកម្សាន្ត “ម៉ៃ អាមី”ក្នុងខណ្ឌ ចំការមន ដែល ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាជាទីតាំងផលិតគ្រឿងញៀន ត្រូវបានបិទហើយ មិនឱ្យដំណេីរការទៀតទេ ។

បេីតាមលោក ឧត្ដមសេនីយ៍ ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គឺក្លិបកម្សាន្ត “ម៉ៃ អាមី” ជាកន្លែងលួចលាក់ ផលិតសារធាតុញៀន ខុសច្បាប់នៅដោយឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីនផលិត គ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។

ស្នងការរាជធានីភ្នំពេញរូបនេះបន្តថា កិច្ចការសម្រេចទៅបានដោយមានការអនុញ្ញាតពី លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការ ពីការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។

សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទីតាំងមួយនេះអាជ្ញាធរ បានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ ថែមទាំងបានបិទលែង ឱ្យដំណេីរការទៀតផងតែមិនបានយូរប៉ុន្មានក៏បេីកវិញ ។

សូមបញ្ជាក់ថា ការបង្ក្រាបទ្រង់ទ្រាយធំលេីកនេះ ប្រហាក់ប្រហែល នឹងការបង្ក្រាបនៅ រ៉ុក របស់អ្នក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល កម្សាន្តរ៉ុក ផងដែរ ៕គិរី

Facebook Comments

To Top