សន្តិសុខ និង សង្គម

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ប្រជាពលរដ្ឋ អោយប្រុងប្រយ័ត្នបញ្ហា អគ្គិភ័យនិង បញ្ហាគ្រោះថ្នាក់ចរាចរណ៍

កំពង់ចាម៖លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ស្របពេលជារដូវក្តៅហួតហែង និងប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ចំពោះការធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

ក្នុងឱកាសពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ និងសមិទ្ធិផលនានា ស្ថិតនៅវត្តនាងកេ សរ ហៅវត្តពាមក្នុង ភូមិពាមក្នុង ឃុំព្រែក ក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានថ្លែងដូច្នេះ កាលពី១២ ខែមេសា ឆ្នាំ២០១៩ លោកគួច ចំរើន បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ច បន្តកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វ ផ្សាយពីបញ្ហាអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅឯមូលដ្ឋានអោយបានល្អប្រសើរ ។ ចំណែកកងកម្លាំងផ្នែកពន្លត់អគ្គិភ័យ ត្រូវបន្តត្រៀមបច្ចេក ទេស ដើម្បីត្រៀមបង្ការជួយ សង្គ្រោះ និងទប់ស្កាត់ពេលមានអគ្គិភ័យកើត ឡើងផងដែរ ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធ រូបសំណាកស្រីសឈរ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសង់រួចដោយ មានការឧបត្ថម្ភពីសប្បុរសជន ។ បើតាមលោកអភិបាលខេត្ត ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ រូបសំណាកស្រីសរឈ កាលពីកំឡុងឆ្នាំ ១៥០៤ ព្រះបាទព្រះអង្គចន្ទ បានមកកសាងអភិវឌ្ឍបន្តអស់រយៈពេលជាច្រើនឆ្នាំ លើទឹកដីស្រុកបាសាន ជាស្រីសន្ធរនេះ ។ លុះនៅថ្ងៃមួយព្រះអង្គ ស្រី សុគន្ធបុត្រ ត្រូវជាចៅរបស់ព្រះអង្គ ពញាយាត បានយាងទៅថ្វាយបង្គំព្រះ នៅទីអារាម ក៏បានជួបប្រទះស្រីសឈរ ដែលអ្នកនាងពេល នោះកំពុងតែឈរលើខឿនព្រះវិហារ ។ បន្ទាប់ក្រោយមកព្រះអង្គស្រី សុគន្ធបុត្រ បានពេញហឫទ័យទៅលើអ្នកនាង ។ បន្ទាប់មកឪពុកម្ដាយ របស់អ្នកនាង ស្រីសឈរ ក៏បានថ្វាយប្រគល់អ្នកនាងឱ្យទៅបំរើព្រះអង្គ ។

ប៉ុន្តែក្រោយការសង្កេតឃើញថា អ្នកនាងស្រីសឈរមានកិរិយា មាយាទល្អ ព្រះអង្គបានតែងតាំង ទៅជាអ្នកម្នាងកេសរបុប្ផា និងបានកែប្រែឈ្មោះពីស្រុកបាសាន ទៅជាស្រុកស្រីសឈរវិញ ឬក៏ហៅថាខេត្តស្រីសឈរ ប៉ុន្តែស្រុកនេះជា បន្តបន្ទាប់រៀងមកក៏បានកែប្រែឈ្មោះ ទៅជាស្រុកស្រីសន្ធរមក ដល់សព្វថ្ងៃនេះ៕

Facebook Comments

To Top