នយោបាយ

លោក កឹម សុខា៖ ឆ្នាំថ្មីនេះ ជាឆ្នាំដែលខ្មែរ វិលមករកដំណោះស្រាយ ជាវិជ្ជមានវិញ

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ចេញសារថា ឆ្នាំថ្មីនេះជា ឆ្នាំដែលសេរីសួរស្តី ហើយជាឆ្នាំដែលខ្មែរ វិលមករកដំណោះស្រាយ ជាវិជ្ជមានវិញ។

លោក កឹម សុខា បានសរសេរសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ ថាក្នុងឱកាសចូលឆ្នាំ ថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមព្រះមេត្តា ប្រោសប្រទានពរជ័យ សូមឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ការរីកចំរើន ស្ថិតស្ថេរគង់វង់សម្រាប់ ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែល ជាម្ចាស់ទឹកដី និងសូមឲ្យកម្ពុជា ចាកផុតគ្រោះថ្នាក់ទាំងឡាយ ដែលបង្កដោយធម្មជាតិ ឬដោយមហិច្ឆិតាអគតិរបស់មនុស្ស។

លោកបានសរសេរបន្តថា សូមឲ្យប្រជាពលរដ្ឋខ្មែរ រួមរស់ជាមួយគ្នា ដោយសុខដុមរមនា ប្រកបដោយព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧប្បេក្ខា) និងសូមឲ្យកំចាត់ចេញពីកាយ វាចា ចឹត្តរបស់មនុស្ស ជាពិសេសអ្នកនយោបាយខ្មែរ នូវអកុសលធម៌ទាំងឡាយ(លោភៈ ទោសៈ មោហៈ) ដូចជា ការលោភលន់គ្មានព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការមួលបង្កាច់ចោទប្រកាន់ ការលាបពណ៌ ការជេរប្រមាថ ការគំគួនសងសឹកគ្នា ដែលជាមូលហេតុនាំឲ្យមាន ការឈឺចាប់ ការបែកបាក់ ក្នុងសង្គមជាតិ និងនាំឲ្យអាប់ឱន នូវតម្លៃពូជសាសន៍ តម្លៃនៃអ្នកដឹកនាំ ជាពិសេសកិត្យានុភាពជាតិ។

លោក កឹម សុខា សរសេរបញ្ជាក់ថា “សូមឲ្យឆ្នាំថ្មីនេះជា ឆ្នាំសេរីសួរស្តី ឆ្នាំដែលខ្មែរវិលមករក ដំណោះស្រាយ ជាវិជ្ជមានវិញ”៕

Facebook Comments

To Top