នយោបាយ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទស្សនកិច្ចទីភ្នាក់ងារ​​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក

ភ្នំពេញ:​ នារសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ នៅទីភ្នាក់ងារ​​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក ស្គុត អ៉ីបែល (Scott Ebell) នាយករដ្ឋបាល និងបុគ្គលិក ទីភ្នាក់ងារ បានស្វាគម៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលឆ្លៀតពេលវេលាមកទស្សនកិច្ចដោយផ្ទាល់ ឆ្លើយតបតាមការអញ្ជើញរបស់ទីភ្នាក់ងារ។

លោក Scott Ebell បានសម្តែងអំណរគុណ​ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រដល់ការងាររុករកអដ្ឋិធាតុ យោធិនសហរដ្ឋអាមេរិកដែលបានបាត់ខ្លួនក្នុងសង្រ្គាមកន្លងមក។

លោក Scott Ebell បានបន្ថែមថាបើគ្មានការគាំទ្រ និងសហការពីសំណាក់ប្រទេសកម្ពុជា កិច្ចការងាររុករកអដ្ឋិធាតុ នឹងមិនបានទទួលជោគជ័យឡើយ។

លោកនាយករដ្ឋបាល និងបុគ្គលិក បានលើកសរសើរប្រទេសកម្ពុជាដែលតែងតែផ្តល់ការសហការល្អនិងគាំទ្រដល់ក្រុមការងាររុករកអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបំពេញបេសកកម្មក្នុងទឹកដីកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដល់កិច្ចការងាររុករកអដ្ឋិធាតុ ពីព្រោះសម្តេចតេជោ យល់ច្បាស់ពីការបាត់បង់សាច់ញាតិនៅក្នុងសង្រ្គាម ហើយដែលកម្ពុជាធ្លាប់ជួបប្រទះនិងឆ្លងកាត់កន្លងមក។

លោកឧត្តមសេនីយ៍ បានបន្តថាការបាត់បង់សាច់ញាតិដោយសារសង្រ្គាមជាការឈឺចាប់មួយទៅហើយ និងការរកមិនឃើញសពជាការឈឺចាប់របស់សាច់ញាតិមួយកំរិតបន្ថែមទៀត។ មេបញ្ជាការកងទ័ពជើងគោក បានជម្រាបដល់ទីភ្នាក់នេះថា បើមានសំណូមពរ​ អ្វីក្នុងពេលបំពេញការងារ សូមភាគីមិត្តជូនដំណឹង​ ដើម្បីភាគីកម្ពុជា​ អាចនឹងជួយសម្របសម្រួល។

Facebook Comments

To Top