នយោបាយ

លោក មាជ សុវណ្ណារ៉ា នឹងលើកពីការនិយាយស្តី និងបញ្ចេញមតិ ក្នុងសមាជអ្នកប្រជាធិបតេយ្យ នៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ មន្រ្តីគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលបានជាប់ពន្ធនាគារ អស់រយៈពេលជាច្រើនឆ្នាំ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ នឹងធ្វើជាវាគ្មិន ក្នុងសមាជអ្នកប្រជាធិបតេយ្យ នៅថ្ងៃទី១៩-២០ខែមេសា ឆ្នាំ២០១៩ នៅកូរ៉េខាងត្បូង ដោយលោកនឹងលើកឡើង ពីការនិយាយស្តី និងការបញ្ចេញបង្ហាញ ទៅដល់អ្នកចូលរួម។

ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០១៩ លោកត្រូវបានអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពពិភពលោក អញ្ជើញជាវាគ្មិន ក្នុងអង្គសមាជអ្នកប្រជាធិបតេយ្យ នៅថ្ងៃទី១៩និង២០ ខែមេសា ខណៈអង្គការអន្តរជាតិកូរ៉េមួយនេះ ធ្លាប់បានប្រគល់ពានរង្វាន់សន្តិភាព និងសិទ្ធិមនុស្សឲ្យ បន្ទាប់ពីចេញពីពន្ធនាគារ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកបញ្ជាក់ថា “គ្រោង នឹងនិយាយ អំពីគោលការណ៍ លទ្ធិប្រជាធិបតេយ្យដ៏ល្អបំផុត គឺតម្លៃមនុស្សក្នុងសេរីភាព នៃជីវិតរស់នៅ ដោយកត្តាបួនយ៉ាង ដែលមិនអាចខ្វះបានគឺ សេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិ , សេរីភាពនៃការជំនឿសាសនា , សេរីភាពនៃការមិនភ័យខ្លាច និងសេរីភាពនៃការមិនអត់ឃ្លាន” ។

ចំណុច៤យ៉ាងខាងលើនេះ គឺជាគោលដៅ ដែលត្រូវតែអនុវត្ត តាមគោលការណ៍ប្រជាធិបតេយ្យ ក្នុងរបបសេរីពហុបក្ស ដែលអ្នកដឹកនាំដ៏ល្អបំផុត គឺជាបុគ្គល ដែលមានវិចារណញ្ញាណ ក្នុងការជ្រើសរើសមនុស្សល្អ ជាអ្នករដ្ឋបាលសាធារណៈ និងជាអ្នកអភិបាលកិច្ចល្អ ឲ្យចូលបម្រើការងារ ស្របតាមវត្ថុបំណង ដោយឈរលើស្មារតីជាតិនិយមគោរពសិទ្ធិមនុស្ស ដើម្បីឲ្យពលរដ្ឋមានជីវភាពរស់នៅបានល្អ មានច្បាប់ទម្លាប់ សមស្របតាមចេតនារបស់ពលរដ្ឋ ឲ្យពលរដ្ឋរក្សាបាននូវសិទ្ធិសេរីភាព យ៉ាងពេញលេញ។

លោកថា កម្ពុជាចាំបាច់ត្រូវតែនាំគ្នា អនុវត្តតាមកិច្ចព្រមព្រៀង សន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកម្ពុជាមិនអាចដើរឆ្ងាយ ពីការជជែកចរចាគ្នា និយាយគ្នា ពីការកសាងជំនឿទុកចិត្តគ្នា ឲ្យតម្លៃគ្នា រួមដៃគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ដោយការផ្សះផ្សារបួសស្នាម នៃការប្រេះស្រាំ ព្រោះតែជម្លោះបែកបាក់នៃខ្មែរម្ខាងៗ៕

Facebook Comments

To Top