នយោបាយ

មេទ័ពខ្មែរ អាមេរិក កៀកស្មាគ្នា ពួនជ្រុំទំនាក់ទំនងទ្វេភាគី កាន់តែល្អ នាពេលអនាគត

ភ្នំពេញ៖ មេបញ្ជាការ កងទ័ព ជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក បានថ្លែងអះអាងរួមគ្នា ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត។

សេចក្តីរាយការណ៍ពីក្រុមការងារ គណៈប្រតិភូលោក ហ៊ុន ម៉ាណែត អោយដឹងថា នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក បានទទួលស្វាគមន៍ និងបង្ហាញទឹកចិត្ត សប្បាយរីករាយ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំណាយពេលវេលា មកចូលរួម សិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19 »។

លោកសង្ឃឹមថា កងកម្លាំងនៃប្រទេសទាំងពីរ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូកងទ័ពកម្ពុជា មកចូលរួមសិក្ខាសាលអន្តរជាតិនេះ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា “ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានយូរមកហើយ លើគ្រប់វិស័យ ចំពោះវិស័យការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានធ្វើការងាររួមគ្នាច្រើននាពេលកន្លងមក ទាំងការជួយឧបត្ថម្ភ ការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នាលើ ប្រធានបទ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការងារមនុស្សធម៍ និងការសង្គ្រោះគ្រោះមហន្តរាយ។ ល។ ”

លោកឧត្តមសេនីយ៍ឯក សង្ឃឹមថាទៅថ្ងៃនាគតទំនាក់ទំនងនៃកងទ័ពប្រទេសទាំងពីរ នឹងបន្តរីកចម្រើន ទៅថ្ងៃអនាគត​​​៕

ដោយ: សយ សុជាតា

 

Facebook Comments

To Top