នយោបាយ

កម្ពុជាគ្មានអំណាច គ្របលើសភាអាមេរិក ធ្វើច្បាប់ដាក់ទណ្ឌកម្មលើ មន្រ្តីរាជរដ្ឋាភិបាលឡើយ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិអំណាចទៅគ្របដណ្ដប់ ចំពោះគណៈកម្មាធិការកិច្ចការបរទេស នៃសភាអាមេរិកដែលធ្វើច្បាប់ ដាក់ទណ្ឌកម្មមកលើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះពួកគេចង់ធ្វើអ្វីជាសិទ្ធិរបស់គេ ។

ការលើកឡើងរបស់លោក សុខ ឥសាន បែបនេះបន្ទាប់ពីគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកលោក ថិត យ៉ូហូ (Ted Yoho) បានបោះឆ្នោតសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ ដាក់ទណ្ឌកម្ម លើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាទៅរដ្ឋសភាជាតិដើម្បីអនុម័ត។ សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យ និងបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់នេះ របស់គណៈកម្មាធិការកិច្ចការបរទេសកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី។

លោក សុខ ឥសាន ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១១ មេសា ថា “អាហ្នឹងជារឿងរបស់គេ គេចង់ធ្វើអីក៏តាមចិត្តគេទៅ ។ យើងគ្មានសិទ្ធិអីយើងមានលទ្ធភាព អីទៅរារាំងទប់ស្កាត់ការធ្វើរបស់គេនោះ ។ អាហ្នឹងវាមានតែប៉ុណ្នឹងទេ! យើងអត់មានអំណាចអីទៅ គ្របលើសភារបស់គេទេ” ។

លោកសង្កត់ថា ការធ្វើច្បាប់សម្រាប់ដាក់ទណ្ឌកម្មមកលើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាគឺនៅមាននីតិវិធីវែងឆ្ងាយទៅមុខទៀត ។ នីតិវិធីទាំងនោះរួមមាន ៖ រដ្ឋសភាជាន់ទាប ឆ្លងទៅព្រឹទ្ធសភា ហើយបានឆ្លងមកដល់រដ្ឋាភិបាល គឺមិនមែនចេះធ្វើឡើងនោះទេ៕ ដោយ៖ ធី លីថូ

Facebook Comments

To Top