នយោបាយ

កម្ពុជាគាំទ្រគំនិត ផ្ដួចផ្ដើម អនាគត ការងាររបស់ UN ដើម្បីត្រៀមដោះស្រាយបញ្ហា ប្រឈមកើតមាន ពីការវិវត្តបច្ចេកវិទ្យា

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាត អង្គការសហប្រជាជាតិ (UN) ដើម្បីប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) បានប្រកាសថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ ដើម្បីត្រៀមដោះស្រាយ បញ្ហាប្រឈម ដែលកើតមានពីការវិវត្ត នៃបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយ នៅក្នុងផេកហ្វេសប៊ុក របស់លោក អ៊ិត សំហេង ។

កិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការ អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានឲ្យដឹងថា ការប្រារព្ធខួប១០០ឆ្នាំ នៃភ្នាក់ងារឯកទេសខាងការងារ របស់អង្គការសហប្រជាជាតិ ដែលមានវ័យចំណាស់មួយនេះ ជាការឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់អង្គការ ILO ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម និងបង្កើតឱកាសការងារ សម្រាប់ជនគ្រប់រូប នាពេលកន្លងមក។

លោកបន្តថា កម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនក្នុងឆ្នាំ២០១៩នេះ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំ របស់អង្គការ ILO ដែលវាក៏ស្របគ្នានឹងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការ ILO ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរកម្ពុជា ។ កម្ពុជានឹងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ដើម្បីបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីនៃបដិវត្តឧស្សាហកម្ម ៤.០។

លោក អ៊ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលយើងកំពុងឈានចូលទសវត្សទី២ នៃការលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យសម្រាប់ជនគ្រប់រូប កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអនាគតនៃការងារ (Future of Work Initiative) ដែលជាគន្លឹះរួមសម្រាប់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍នានាត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានា ពិសេសការផ្លាស់ប្ដូរជំនាញ ដែលកើតមានឡើងពីការវិវត្តនៃបច្ចេកវិទ្យា»។

នាឱកាសជាប្រវត្តិសាស្ត្រនោះ រដ្ឋមន្ត្រី បានសម្ដែងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយអង្គការ ILO ជាក់ស្ដែង កាលពីថ្ងៃទី២៨ មីនា ឆ្នាំនេះ កម្ពុជាបានចុះអនុស្សរណៈជាមួយអង្គការ ILO និងដៃគូត្រីភាគីផ្សេងទៀត ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់ឆ្នាំ២០១៩-២០២៣ ដោយផ្តោតលើគោលបំណងធំៗចំនួន ៣ចំណុច៖

ទី១៖ បន្តអភិវឌ្ឍន៍មុខរបរ ការងារ និងសហគ្រាសឲ្យស្របតាមការវិវត្តសង្គម និងបច្ចេកវិទ្យា។

ទី២៖ ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមដល់ស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះ។

ទី៣៖ បន្តធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ ដោយរួមទាំងពលករទេសន្តប្រវេសន៍ផងដែរ៕

Facebook Comments

To Top