នយោបាយ

ក្នុងឆ្នាំថ្មីរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំពុះពារ គ្រប់បែបយ៉ាង ដើម្បីបន្តថែរក្សា សន្តិភាព ឲ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថា នឹងខិតខំពុះពារគ្រប់បែបយ៉ាងបន្តទៀត ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែរឹងមាំថែមទៀត។

ក្នុងសារលិខិត របស់សម្ដេចតេជោ ផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានសរសេរថា “ក្នុងនោះ រាជរដ្ឋាភិបាល នឹងការពារ រដ្ឋធម្មនុញ្ញ របបរាជានិយម និងរាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ សម្រេចបាននាពេលកន្លងមក”។

សម្តេចនាយករដ្ឋមន្រ្តី លើកឡើងទៀតថា រាជរដ្ឋាភិបាលនឹងបន្តកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ ក្នុងនោះ មានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមានគុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី អភិរក្សវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត ។

សារលិខិតឲ្យដឹងថា ឆ្នាំ២០១៨សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៧,៥%។ កំណើនដ៏រឹងមាំនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការ​រីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍ និងអចលនទ្រព្យជាដើម។ កម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវីស័យឧស្សាហកម្ម និងសេវាកម្ម។

សារលិខិតបន្ថែមថា កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឲ្យឃើញតាមរយៈសូចនាករសង្គម ជាពិសេសការកើន​ឡើង នៃផលិតផលក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់១០៤២ដុល្លារក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១៥៦៣ដុល្លាក្នុងឆ្នាំ២០១៨។ អត្រាភាពក្រីក្រមានការធ្លាក់ចុះយ៉ាងខ្លាំងពី៥៣,៥% ក្នុងឆ្នាំ២០០៤ បានធ្លាក់មកក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨ និងបន្តធ្លាក់ចុះថែមទៀត​នៅឆ្នាំ២០១៩នេះ ហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលឲ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សកាន់តែខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំ២០១៨ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធកើនឡើងជាង១លានរៀល ហើយការបើកប្រាក់បៀវត្សបានធ្វើទាន់ពេលវេលា គឺបើក២ដងក្នុងមួយ ខែតាមប្រព័ន្ធធនាគារ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top