អន្តរជាតិ

Eisenhower រំលឹក Kennedy អំពីស្ថានការណ៍ រសើបនៅ ទ្បាវ

ភ្នំពេញ៖ដោយបារម្ភ ទៅនឹងស្ថានការណ៍ នៅទ្បាវទើបនៅឆ្នាំ ១៩៦១ លោក Dwight D. Eisenhower ប្រធានាធិបតី ជិតចប់អាណត្តិ របស់សហរដ្ឋអាមេរិក បានព្រមានដោយបានរំលឹក លោក Kennedy ដែលជាអ្នកទ្បើងបន្ត ជាប្រធានាធិបតីអាមេរិកថា ទ្បាវជាកូនសោរគន្លឹះសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយហេតុការណ៍នេះ អាចនាំដល់ការត្រូវធ្វើអន្តរាគមន៍ ជាយោធាដោយផ្ទាល់ ចូលមកទ្បាវផង !

ដោយបារម្ភទ្បាវធ្លាក់ទៅក្នុងដៃកុម្មុយនីស្តប៉ាថេតទ្បាវ ត្រួតត្រាដែលការបាត់ទ្បាវនេះ អាចជា domino កើតទ្បើងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍នេះ ទើប Kennedy បានចាត់ Special Force មួយក្រុមមកកាន់ ឈូងសមុទ្រថៃ នាខែ ឧសភា ១៩៦១ ហើយទន្ទឹមនេះ ក៏បានចាត់ប្រេសិត ទៅកាន់ក្រុងGeneva សំដៅស្វែងរកដំណោះស្រាយ មួយសម្រាប់វិបត្តិនេះ ។

នៅ ឆ្នាំ ១៩៦១ នេះ Kennedy និង ប្រមុខដឹកនាំសូវៀតលោកNikita Khrushchev បានជួបប្រជុំនៅ Vienna ដោយភាគីទាំងពីរឯកភាពប្រទេសទ្បាវមួយ អាព្យាក្រឹត្យ និង ឯករាជ្យភាព ។ មូលបទសំខាន់ដែលនាំ ឲ្យមានហេតុការណ៍ទាំងនេះ ដោយមុននេះ ប្រទេសទ្បាវបានឆ្លងកាត់ ភាពវឹកវរ បះបោរមួយដោយពួកឧទ្ទាម ប៉ាថេតទ្បាវ ។

នៅខែ កក្កដា ១៩៥៩ ការិយាល័យនយោបាយរបស់វៀតណាមខាងជើង បានបង្កើតក្រុមមួយ ដែលហៅថាក្រុម ៩៥៩ ដែលក្រុមនេះមានមុខងារ ក្នុងការ
ផ្ដល់អាវុធនិងសម្ភារបរិក្ខា ទៅឲ្យក្រុម ប៉ាថេតទ្បាវ ។ ដល់ឆ្នាំ ១៩៦០ កម្លាំង ប៉ាថេតទ្បាវ បានគំរាមកំហែងមកលើអាយុជីវិត នៃរាជរដ្ឋាភិបាលទ្បាវនាពេលនោះ ។

ក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់យ៉ាងនេះ ទើប Eisenhower ឲ្យដំបូន្មានដល់ Kennedy ដោយចាត់ទុក ទ្បាវជាកូនសោរ និង ជាចំណុច Domino ចាប់ផ្តើមរីករាលដាលចេញនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍នេះ ។ ដោយមិនចង់ឃើញ ទ្បាវ ធ្លាក់ទៅក្នុងកណ្តាប់ដៃ កុម្មុយនីស្ត ទើបអាមេរិកជំរុញឲ្យទ្បាវ ស្ថិតនៅក្នុងភាពអព្យាក្រឹត្យ ដោយចាត់ទុកជាដំណោះស្រាយនៅខែ កក្កដា ១៩៦២ មាន ១៤ ប្រទេសជួបប្រជុំនៅ Geneva ចុះហត្ថលេខា ប្រកាស ទ្បាវ ស្ថិតនៅអព្យាក្រឹត្យ រក្សាឲ្យទ្បាវ បានរស់នៅក្នុងសន្តិភាពមួយរយៈ។

សន្តិភាពរបស់ ទ្បាវ ទុកឱកាសឲ្យអាមេរិក មានអំណោយផល ក្នុងការប្រមូលផ្ដុំកម្លាំង មកទប់ទល់ ៗ និង កម្លាំងវៀតកុង ដែលកំពុងរីករាលដាល និង វាយលុកនៅ វៀតណាមភាគខាងត្បូង ដែលឧបទ្ទវហេតុនេះនាំដល់ការចាត់បញ្ជូន ទីប្រឹក្សាយោធាអាមេរិក ១៧.០០០ នាក់មកកាន់ ព្រៃនគរ ។ តែជាអកុសល នៅខែ វិឆិ្ឆកា ១៩៦៣ Kennedy ត្រូវធ្វើឃាតស្លាប់ ធ្វើឲ្យផែនការយោធាអាមេរិក រលំរលាយ ដែលជាបច្ច័យមួយដ៏អាក្រក់ នាំឲ្យមានសង្គ្រាមនៅឥណ្ឌូចិន លើកទី ២ កើតទ្បើងយ៉ាងសាហាវ រួចឆាបឆេះ រីករាលដាលចូលមកក្នុងប្រទេសកម្ពុជា៕​

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវ

Facebook Comments

To Top