តារា

សរសើរទឹកចិត្តសប្បុរស តារាចម្រៀងវ័យក្មេង ចូលរួមសង្ក្រាន្តវិទ្យាល័យពងទឹក

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រី វ័យក្មេងមួយចំនួន នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវិទ្យាល័យពងទឹក នាខណ្ឌដង្កោរាជធានីភ្នំពេញ នាថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩នេះ។ ក្រៅពីការជួបជុំជាមួយអ្នកគាំទ្រ តារាចម្រៀងទាំងនោះបានចូលរួមស្ម័គ្រចិត្ត ដោយលះបង់ទាំងពេលវេលា និងថវិកាជួយឧបត្ថម្ភដល់សិស្សមួយចំនួន ដែលមកពីគ្រួសារខ្វះខាតផងដែរ។

កម្មវិធីសង្ក្រាន្តនៅតាមតំបន់ និងវិទ្យាល័យនានាជាច្រើន មិនត្រឹមតែជាព្រឹត្តិការណ៍ជួបជុំ បង្កើតបរិយាកាសសប្បាយ ប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំង ពីការចូលរួមថែរក្សាសិល្បៈ វប្បធម៌ខ្មែរផងដែរ។ សិល្បករដែលនឹងបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍នេះ មានដូចជាតារាចម្រៀង Original Song ស្រស់សង្ហា លោក វុទ្ធា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត តារាចម្រៀងស្រស់សោភាកញ្ញា ចែម ស្រីល័ក្ខណ៍ ក្រុមតារាចម្រៀងវ័យក្មេង Plugger Band ក្រុមរាំស្រីស្រស់សោភា OMG Girl Dance Crew និងក្រុម NT- Crew ជាដើម។

ពួកគេនឹងមកចូលរួមជួប ជាមួយអ្នកគាំទ្រនៅក្នុងកម្មវិធីប្រគំតន្រ្តី នាវិទ្យាល័យពងទឹក នាល្ងាចថ្ងៃទី០៦ ខែមេសាខាងមុខនេះ ដែលក្រៅតែពីការបង្ហាញក្បាច់រាំ ការបង្ហើរសំនៀង ពួកគេក៏នឹងចូលរួមផ្តល់កម្លាំងកាយចិត្ត និងចំណាយធនធាន ដែលបានពីការច្រៀងរាំលើកនេះ ជួយដល់សិស្សដែលប្រឈមនឹងការខ្វះខាត បន្ថែមពីលើនូវការជួយ របស់វិទ្យាល័យផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍សង្ក្រាន្តវិទ្យាល័យពងទឹក ស្ថិតក្នុងចំណោមសង្ក្រាន្តវិទ្យាល័យជាច្រើន នៅរាជធានីភ្នំពេញ។ សង្រ្កាន្តវិទ្យាល័យ ស្ថិតក្នុងខណ្ឌដង្កោមួយនេះ នឹងជាឱកាសជួបជុំសិស្សដែលកំពុងសិក្សា និងអតីតសិស្សវិទ្យាល័យ មួយនេះ រួមទាំងមហាជនដែលអាចចូលរួម រៀបចំពិធីជាច្រើនដូចជាពិធីសូត្រមន្ត រាប់បាត ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្ត ថតរូបអនុស្សាវរីយ៍ ការទស្សនាទស្សនីយភាព សិល្បៈចម្រុះជាច្រើន ដែលគេដឹងថានឹងអាច បណ្តុះស្មារីជួយថែរក្សា អភិវឌ្ឍន៍ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ កាន់តែទូលំទូលាយផងដែរ៕
ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top