ព័ត៌មានជាតិ

ក្រោយសរសេរសារ ប្រមាថថ្នាក់ដឹកនាំ! អតីតយោធាម្នាក់ ត្រូវបានតុលាការសម្រេច ឃុំខ្លួនពីបទញុះញង់កុំឲ្យ យោធិនស្ដាប់បង្គាប់

សៀមរាប៖ ក្រោយសរសេរសារប្រមាថ ថ្នាក់ដឹកនាំលើ បណ្ដាញសង្គមហ្វេសប៊ុក អតីតយោធាម្នាក់ត្រូវបាន ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គប់ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត និងញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កងរាជកម្លាំងកងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ លី ដាវីត ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរ (អតីត) ជាអតីតយោធា ក្នុងអង្គភាពយោធភូមិភាគទី៣ សួរនាំនិងរួចបញ្ជូនទៅសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ រហូតចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាមការ ចោទប្រកាន់ពីលោក ថេង សំណាង តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺនៅពេលដែលរូបគេ កំពុងប្រើប្រាស់ទូរសព្ទម៉ាក Huawei មួយគ្រឿង ក្នុងការមើល និងសរសរលើប្រព័ន្ធបណ្ដាញសង្គម Facebook ដែលមានគណនីឈ្មោះ Lee David ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា។ ហើយបន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ច បានធ្វើការឆែកឆេរ និងដកហូតបាន ដូចជា អាវុធម៉ាក AK ស្វ័យបត់ចំនួន១ដើម (លេខ 16111466) មានគ្រាប់ចំនួន ៣១គ្រាប់, បំពង់ទប់សំឡេង (ស៊ីឡង់ហ្សឺ) ចំនួន ១ដើម, កំបិតស្នៀត ចំនួន១, ដំបងឆត់ ចំនួន១, លិខិតឆ្លងដែន ចំនួន ១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ១សន្លឹក, អត្តសញ្ញាណប័ណ្ណយោធា ចំនួន ១, ម៉ូតូហុងដា (ម៉ាកស្កូបពី) ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-8253 ចំនួន១គ្រឿង និងលិខិតបញ្ជាបេសកម្មហួសសុពលភាពចំនួន៥សន្លឹក។ ជនសង្ស័យឈ្មោះ លី ដាវីត បានកាន់កាប់អាវុធ ដោយគ្មានលិខិតអនុញ្ញាត បន្ទាប់ពីអង្គភាពបានបណ្ដេញចេញ ពីក្របខណ្ឌអង្គភាពយោធា ដោយមិនព្រមយកទៅប្រគល់ឲ្យអង្គភាពវិញ ។

ជនសង្ស័យបានសរសេរ នៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ថា «សូមប្រទេស ទាំងឡាយឈប់ផ្ដល់ប្រាក់កម្ចីមកដល់ប្រទេសកម្ពុជា ការបោះឆ្នោត នៅប្រទេស កម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ ការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ធ្វើឱ្យខ្វះទឹក ខ្វះភ្លើង» ។ ហើយគេថែមទាំងបានប្រើពាក្យសំដី ជេរប្រមាថ តំលាក់កំហុសជាច្រើនទៀត ទៅលើប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅញុះញង់ ឲ្យប្រជាជនកម្ពុជា និងសាធារណជនទាំងអស់មានការស្អប់ មានការភ័ន្តច្រឡំ ដើម្បីឈាន ទៅរកការបង្កភាពអសន្ដិសុខដល់សង្គមជាតិ ។ ព្រមទាំងប្រើពាក្យសំដីមិនឲ្យយោធិន ស្ដាប់បង្គាប់ ដើម្បីធ្វើឲ្យខូចខាតដល់វិស័យការពារជាតិ៕ដោយ៖តាំងហូរ

Facebook Comments

To Top