ព័ត៌មានជាតិ

ប្រធានសមាគម​ អ្នកលក់ឱសថកម្ពុជា អំពាវនាវឲ្យឱសថស្ថាននានា ត្រូវប្រុងប្រយ័ត្ន ចៀសវាងការលក់ឱសថគ្មានច្បាប់ និងក្លែងក្លាយ

ភ្នំពេញ៖ ប្រធានសមាគម អ្នកលក់ឱសថកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព បានអំពាវនាវ ឱ្យគ្រប់បណ្តាអ្នកលក់ឱសថ តាមឱសថស្ថាននានា គប្បីមានការប្រុងប្រយ័ត្នខ្ពស់ ពីការទិញឱសថលក់ ត្រូវចេះត្រួតពិនិត្យ ឱ្យបានច្បាស់លាស់ ចៀសវាងជាឱសថគ្មានច្បាប់ ពិសេសឱសថក្លែងក្លាយ ដែលជះផលអាក្រក់ ដល់ខ្លួនវិញ ។

លោកបណ្ឌិតឡីសុភាព បានលើកឡើងឱ្យដឹងបែបនេះ​ ក្នុងពិធីផ្សព្វផ្សាយ នៃការការប្រើប្រាស់ឱសថ និងសេវាបម្រើអ្នកជំងឺ នៅតាមឱសថស្ថាននានា នៅកម្ពុជា ដែលរៀបចំឡើង ដោយក្រុមហ៊ុន Mersi Pharma នាសណ្ឋានគារភ្នំពេញ កាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ថា បើគេសង្កេតមើល ឱសថដែលកំពុងចរាចរ លើទីផ្សារបច្ចុប្បន្នមួយចំនួន នៅតែមានក្លែងក្លាយ និងមួយចំនួនទៀត គឺមិនមានច្បាប់អនុញ្ញាត្តិ របស់ក្រសួងសុខាភិបាល នោះឡើយ ។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា នាបច្ចុប្បន្ននេះក្រសួងសុខភិបាល បានកំពុងរឹងបន្តឹងជុំវិញបញ្ហា ឱសថក្លែងក្លាយ និងឱសថគ្មានច្បាប់អនញ្ញាត្តិ។ នាថ្ងៃខាងមុខអន្តរក្រសួង នឹងធ្វើការចុះត្រួតពិនិត្យ តាមឱសថស្ថាន ដើម្បីទប់ស្កាត់ឱសថទាំងនេះ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ ដល់សុខភាពពលរដ្ឋផងដែរ” ។

ទាក់ទិនទៅនឹងឱសថក្លែងក្លាយនេះដែរ លោកប្រធាន សមាគមអ្នកលក់ឱសថកម្ពុជា បានធ្វើការណែនាំ អ្នកលក់តាមឱសថស្ថានទាំងអស់ ត្រូវចេះត្រួតពិនិត្យមើលថា ឱសថនោះមានចុះបញ្ជីការត្រឹមត្រូវ ឬក៏អត់ មុននឹងទិញ ចូលចៀសវាងជួបផលលំបាកនាថ្ងៃខាងមុខ ក៏ដូចជាប្រឈមនឹងទទួលទោសទណ្ឌ ខ្លួនឯងផ្តាល់ផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឱ្យពលរដ្ឋអ្នកប្រើប្រាស់ឱសថ ក៏ត្រូវចេះត្រួតពិនិត្យមើល ឱ្យបានត្រឹមត្រូវមុនទិញ ហើយបើពុំច្បាស់លាស់ គប្បីសាកសួរគ្រូពេទ្យជំនាញ ចៀសវាងប្រើប្រាស់ហើយ ជះផលអាក្រក់ ដល់សុខភាព ទាំងរយៈពេលខ្លី ក៏ដូចជាយូរអង្វែង។

ទន្ទឺមជាមួយគ្នានេះលោកបណ្ឌិតត ឡី សុភាព ក៏បានសំណូមពរ ដល់ឱសថស្ថានទាំងអស់ ត្រូវពង្រឹងខ្លួនលើសមត្ថភាព បម្រើសេវាដល់អ្នកជំងឺឱ្យបានល្អ ពិសេសការផ្តល់ថ្នាំ ទាំងមានវេជ្ជបញ្ជា ក៏ដូចជាការផ្សំថ្នាំ ត្រូវតែមាន សមត្ថភាពច្បាស់លាស់ ដែលក្រៅពីផ្តល់ផលល្អ ដល់អ្នកជំងឺហើយ វាក៏ជាផ្នែកមួយ ជួយឱសស្ថានរបស់ខ្លួន អាចទទួលការកើតសរសើរ ពីអ្នកជំងឺ ក៏ដូចជាភាគីពាក់ព័ន្ធ ដែលជួយឱ្យអាជីព ស្ថិតស្ថេរយូរអង្វែងថែមទៀត។

ជាមួយគ្នានោះ លោកក៏បានសំណូមពរ ដល់ឱសថស្ថានណាមួយ ដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ គប្បីមករៀនវគ្គបណ្តុះបណ្តាលបន្ថែម ដែលសមាគមអ្នកលក់ឱសថកម្ពុជា តែងរៀបចំបន្តបន្ទាប់ ក្នុងការកសាងសមត្ថភាព ដល់សមាជិករបស់ខ្លួន៕ ដោយ៖ ដារាត់

Facebook Comments

To Top