សុខភាព

អស់បារម្ភ! បំបាត់អាការៈឈឺ កញ្ចឹងកឆាប់រហ័ស ជាមួយរូបមន្តបែបធម្មជាតិ ងាយៗទាំងនេះ

តើអ្នកកំពុងជួបប្រទះ បញ្ហាឈឺចាប់ត្រង់កញ្ចឹងក ហើយមិនដឹងដោះស្រាយ បែបណាមែនទេ?

មិនថាការឈឺចាប់បណ្ដាលមកពី ឥរិយាបថមិនល្អ, ការរងរបួស ឬស្ថានភាពសុខភាព ណាមួយនោះទេ គឺវានឹងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់អ្នក។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះជា រូបមន្តបែបធម្មជាតិងាយៗ ដោះស្រាយបញ្ហា ឈឺកញ្ចឹងកឆាប់រហ័ស ៖

១.ទឹកខ្មេះផ្លែប៉ោម៖ តាមរយៈលក្ខណៈសម្បត្តិ ប្រឆាំងការរលាក និងជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ទឹកខ្មេះផ្លែប៉ោមអាចបំបាត់អាការៈ ឈឺកញ្ចឹងកបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ទឹកខ្មេះផ្លែប៉ោម ក៏មានផ្ទុកសម្បូរទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយបំបាត់ការឈឺចាប់ បណ្ដាលមកពីកង្វះ សារធាតុចិញ្ចឹមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ ក្រដាសជូតមាត់រឹង ឬកូនកន្សែងស្អាតមួយ ក្នុងទឹកខ្មេះផ្លែប៉ោម រួចដាក់ស្អំលើកញ្ចឹងកត្រង់ កន្លែងឈឺចាប់សម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ រហូតដល់ឈប់ឈឺ ។

២.ងូតទឹកអំបិល Epsom៖ ការងូតទឹកអំបិល Epsom អាចជួយកាត់បន្ថយភាពតានតឹង, សម្រួលសាច់ដុំ និងបំបាត់នូវការឈឺចាប់ភ្លាមៗ។ អ្នកអាចរកទិញអំបិលនេះ បាននៅតាមផ្សារទំនើប។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិល Epsom ចំនួន ២ ពែងក្នុងទឹកក្ដៅឧណ្ហសម្រាប់ងូត។ បន្ទាប់មកគេងត្រាំតំបន់ កញ្ចឹងកក្នុងទឹកអំបិលសម្រាប់ រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទី។ អនុវត្តរូបមន្តនេះជាប្រចាំ រហូតដល់បាត់ការឈឺចាប់។

៣.ស្អំកម្ដៅ ឬស្អំទឹកកក៖ ការស្អំទឹកកក ឬស្អំកម្ដៅត្រង់កញ្ចឹងកកន្លែង ដែលទទួលរងការឈឺចាប់ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ការស្អំកម្ដៅ និងការងូតទឹកក្ដៅឧណ្ហៗ គឺមានប្រសិទ្ធិភាពបំបាត់ការ ឈឺចាប់បានឆាប់រហ័សដូចគ្នា។

៤.លំហាត់ប្រាណកញ្ចឹងក៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើចលនា-ក យឺតៗពីក្រោយទៅមុខចំនួន ៥ ដង និងពីឆ្វេងទៅស្ដាំចំនួន ៥ ដងដែរជាការស្រេច។ ចូរព្យាយាមអនុវត្តលំហាត់ប្រាណនេះ ឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើមានការឈឺចាប់ខ្លាំង កុំប្រឹងបន្តអនុវត្ត ហើយប្រញាប់ទៅជួប ពិគ្រោះជាមួយគ្រូពេទ្យ។

៥.រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ៖ ឌីសនៅចន្លោះឆ្អឹងខ្នងត្រូវការជាតិទឹក គ្រប់គ្រាន់ដើម្បីរក្សាការតម្រឹមឆ្អឹងខ្នង, កម្ពស់ឌីស និងកម្ចាត់សម្ពាធចេញពីឆ្អឹងខ្នង ក៏ដូចជាកាត់បន្ថយការ ឈឺចាប់ត្រង់កញ្ចឹងក។ ដូច្នេះចូរព្យាយាមទទួលទានទឹក ឱ្យបានច្រើនគ្រប់គ្រាន់ យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ៕

ប្រភព៖ Health.com.kh

Facebook Comments

To Top