តារា

រដ្ឋមន្រ្តីស្តីទី ក្រសួងវប្បធម៌ ៖ ភាពយន្ត “ទេវតាការពារ” នឹងរឹតចំណងមិត្តភាពកម្ពុជា-ចិនកាន់តែខ្លាំងឡើង

ភ្នំពេញ ៖ ខ្សែភាពយន្តរឿង “ទេវតាការពារ” ជាស្នាដៃនិពន្ធ របស់អ្នកនិពន្ធចិនដ៏ល្បីឈ្មោះ ដែលទទួលបាន ប្រជាប្រិយភាពខ្លាំង បានចាប់ផ្តើម សម្ពោធដំណើរ ការថតនៅកម្ពុជា ជាផ្លូវការ ហើយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដែលរឿងនេះ ត្រូវបានលោក សោម សុគន្ធ រដ្ឋមន្ត្រីស្ដីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា នឹងធ្វើឲ្យការរឹត ចំណងមិត្តភាពកម្ពុជា-ចិនកាន់តែខ្លាំងឡើង ខណៈប្រទេសទាំងពីរ មានទំនាក់ទំនង ជាប្រវត្តិសាស្រ្តតាំងពីយូរលង់មកហើយ ។

ក្នុងពិធីសម្ពោធ ដំណើរការថត កាលពីល្ងាចថ្ងៃទី២៣ មីនា លោក សោម សុគន្ធ បានបង្ហាញក្តីសោមនស្សរីករាយដែលភាគីចិនដាក់ទុនវិនិយោគមកលើកម្ពុជា ក្នុងផ្នែកសិល្បៈ។ លោកថា នេះដោយសារភាគីចិន បានឃើញពីទេសភាព ស្ថានភាព សម្បត្តិវប្បធម៌ និងបេតិកភណ្ឌដ៏សំបូរបែបរបស់កម្ពុជា។

លោកបន្តថា ការបង្កើតជាទីតាំងខ្សែភាពយន្តមួយនេះ ជាលទ្ធផល និងជាចំណងមិត្តភាពដ៏យូរអង្វែងរបស់ចិន និងកម្ពុជាធ្វើយ៉ាងណាឲ្យនយោយបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់លោកប្រមុខរដ្ឋាភិបាលចិនសម្រេច និងជោគជ័យ។

រដ្ឋមន្រ្តីស្តីទី ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញ និងចាត់ទុកផលិតករភាពយន្ត ជាកម្លាំងចលករក្នុងការអភិវឌ្ឍវិស័យភាពយន្ត ។ ដូចនេះ ដើម្បីឲ្យរីកចំរើនក្នុងវិស័យភាពយន្តបាន ក្រសួងក៏បានខិតខំធ្វើយ៉ាងណាឲ្យវិស័យភាពយន្តនេះ មានការរីកចំរើន។

ក្នុងឱកាសនោះដែរ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏បានលើកឡើងថា ការផលិតភាពយន្ត ដើម្បីឈានទៅរកការអភិវឌ្ឍបាន ត្រូវមានការសហការគ្នា។ ការផលិតនេះ មិនត្រឹមតែសហការគ្នា តែក្នុងបច្ចេកទេសនោះទេ គឺត្រូវមានទាំងតារាសម្តែង លាយឡំគ្នាថែមទៀតផង ដើម្បីអាចឈានទៅដល់ទីផ្សារអន្តរជាតិបាន ។ ចំពោះភាពយន្តរឿង “ទេវតាការពារ” នឹងប្រើប្រាស់ថវិការហូតដល់១លាន៥០ម៉ឺនដុល្លារ។

គូរជម្រាបជូនថា ខ្សែភាពយន្ត “ទេវតាការពារ” ចូលរួមសហការដោយក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន ZHONGSHI SHANGYIN International Cuture Media Co., Ltd , WEENANT PICTURE , THINK & DO Cuture Delopment Co., Ltd និង UNICORN INTERNATIONAL UNITED Media Co., Ltd និងចូលរួមពីអ្នកផលិតខ្សែភាពយន្តរហូតដល់៧ប្រទេស និងមានតួសម្តែងមកពីបណ្តាប្រទេសផ្សេងៗគ្នា រហូតដល់៩ប្រទេស ក្រោមការដឹកនាំសម្តែងដោយលោក Jimmy Henderson ជាអ្នកដឹកនាំថតប្លង់ជួយសង្គ្រោះនៅក្រៅប្រទេស។

រឿងនេះដែរ ក៏មានការចូលរួមពីតារាសម្តែងល្បីៗ ជាច្រើនរូប ដូចជា លោក GU SHANG WEI តារាសម្តែងរង្វាន់មេដាយមាស លោក AN ZHI JIE តារាសម្តែងក្បាច់កុនហុងកុងជើងចាស់ លោក ZENG ZHI WEI និងលោក LI ZI XIONG រួមទាំងមានតារាសម្តែងជនជាតិខ្មែរនិងតារាសម្តែងជាច្រើនរូបផ្សេងទៀត។ ក្នុងសាច់រឿងនេះ នឹងបង្ហាញទិដ្ឋភាពក្នុងសង្គមចំពោះបញ្ហាជួញដូរកុមារ ដោយរួមបញ្ចូលទាំងការប្រយុទ្ធក្បាច់គុណលាយឡំ ជាមួយមនោសញ្ចេតនារបស់ឪពុក ។ យុត្តិធម៌ និងភាពអង់អាចក្លាហានដែលឆ្លុះបញ្ចាំងឲ្យមហាជនគ្រប់រូបយកចិត្តទុកដាក់ និងចូលរួមរួមគ្នាបង្ក្រាបក្រុមជនទុច្ចរិតជួញដូរកុមារតូចៗ ៕

ដោយ ស សំណាង

Facebook Comments

To Top