នយោបាយ

សម្តេច ស ខេង ៖ នៅលើសកលលោកនេះ គ្មានប្រទេសណា បង្ក្រាបគ្រឿងបាន១០០%ទេ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា នៅលើពិភពលលោកនេះ គ្មានប្រទេសណាមួយបង្ក្រាបគ្រឿងញៀន បាន១០០%នោះទេ។

សម្ដេច ស ខេង បានលើកឡើង ក្នុងពិធីបូកសរុបគ្រឿងញៀនឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ថា ការអនុវត្តច្បាប់បានច្រើន ក្នុងការបង្ក្រាបគ្រឿងញៀន បើទោះបីរហូតមកដល់ពេលនេះ ការបង្ក្រាបគ្រឿងញៀន មិនទាន់ចប់ក៏ដោយ។ សម្ដេចថា បញ្ហាគ្រឿងញៀនមិនទាន់ចប់នៅឡើយទេ គាំងក្នុងតំបន់ក៏ដូចជាពិភពលោក។

សម្តេចបានបញ្ជាក់ថា “មានអ្នករិះគន់រដ្ឋាភិបាលថា បរាជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ខ្ញុំគិតថា យោបល់របស់គេ ក៏មិនខុសប៉ុន្មានទេ ប៉ុន្តែសុំឲ្យមើលឃើញពីការខិតខំប្រឹងប្រែង និងលទ្ធផលផងដែរ។ និយាយរួមចង់ឲ្យបញ្ចេញមតិ ពិតជាក់ស្ដែង មានហេតុមានផល។ ជាក់ស្តែងពីព្រោះថា នៅលើសាកលលោកនេះ ខ្ញុំមិនទាន់ដឹងថា ប្រទេសណាទទួលបានជោគជ័យ១០០% ទេ ក្នុងការបង្ក្រាបគ្រឿងញៀន ប៉ុន្តែបើបង្ក្រាបបាន សូមបង្ហាញប្រាប់ខ្ញុំផងដើម្បី ខ្ញុំចាត់ឲ្យមន្រ្តីទៅសិក្សាដកបទពិសោធន៍ យកមកអនុវត្តនៅកម្ពុជាយើង ឲ្យទទួលបានជោគជ័យ ដូចប្រទេសនោះដែរ”។

សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល មិនបដិសេធចំពោះការលើកឡើង របស់ពលរដ្ឋទាក់ទង នឹងបញ្ហាគ្រឿងញៀននោះទេ ប៉ុន្តែសូមឲ្យការលើកឡើងនោះ មានភាពជាក់ស្ដែង ដើម្បីយកជាមូលដ្ឋាន ក្នុងការដោះស្រាយនៅពេលខាងមុខទៀត។ បញ្ហាគ្រឿងញៀននេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យអាជ្ញាធរ មានសមត្ថកិច្ចត្រូវបន្តពង្រឹង បង្រ្កាបគ្រឿងញៀននៅតាមច្រកព្រំដែន ឲ្យបានម៉ឺងម៉ាត់បំផុត។ ជាងនេះ ត្រូវបង្ក្រាបនៅកន្លែងចែកចាយ គ្រឿងញៀនផងដែរ។

សម្ដេច ស ខេង ក៏បានបញ្ជាសមត្ថកិច្ច បង្ក្រាបករណីគ្រឿងញៀន នៅតាមរង្គសាល ដែលប្រមូលផ្ដុំអាចនាំឲ្យ មានការប្រើប្រាស់គ្រឿងញៀនបាន ព្រោះមិនមែនតែភ្នំពេញទេ នៅខេត្តសៀមរាបក៏មានដែរ ដូច្នេះឧត្តមសេនីយ៍ នេត សាវឿន ត្រូវចាត់តាំងកងកម្លាំងបង្ក្រាប ដូចអ្វីដែលពលរដ្ឋបានប្រាប់។

សម្តេចក៏បានលើកឡើងថា ព័ត៌មានដែលពលរដ្ឋប្រាប់មក គឺជាព័ត៌មានច្បាស់លាស់ហើយ ៕ ដោយ៖ ស សំណាង

Facebook Comments

To Top