នយោបាយ

រដ្ឋមន្រ្តីកិច្ចការនារី ៖ អំពើហិង្សាផ្លូវភេទ លើស្រ្តី មិនមានការថយចុះ

ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលស្គាល់ថា ការប្រើប្រាស់អំពើហិង្សា លើផ្លូវភេទស្រ្តី មិនមានការថយចុះឡើយ ខណៈចរន្តនៃការប្រើអំពើហិង្សា ក្នុងគ្រួសារ មានការថយចុះច្រើនគួរសម។

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ដំណើរការ កម្មវិធីសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ដើម្បីការផ្ដល់សេវាកម្មប្រកបដោយ និរន្តរភាព និងសមធម៌ (ACCESS) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងថា ទោះបីជាកម្ពុជា ទទួលបានការរីកចម្រើនក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែស្រ្តីនៅតែមានការ ប្រឈមបញ្ហាមួយចំនួន ។

លោកស្រីបន្តថា ផ្អែកលើការសិក្សាកន្លងមក បានបង្ហាញឲ្យឃើញស្រ្តីម្នាក់ ក្នុងចំណោម៥នាក់នៅកម្ពុជា ធ្នាប់មានបទពិសោធន៍ទទួលរងអំពើហិង្សា ក្នុងជីវិតរបស់ពួកគេ ហើយចំនួននេះ មានកម្រិតខ្ពស់ជាងគេ បើប្រៀបធៀបជាមួយបណ្ដាប្រទេសនៅតំបន់។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ស្រ្តីមួយចំនួនមានហានិភ័យខ្ពស់ ចំពោះអំពើហិង្សា ដូចជា ៖ ស្រ្តី មានពិការភាព ធ្លាប់ទទទួលរងអំពើហិង្សា ដូចស្រ្តីដទៃទៀតដែរ ។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឲ្យដឹងទៀតថា កម្មការិនីធ្វើការនៅតាមរោងចក្រ បានកំពុងប្រឈម ការបៀតបៀនផ្លូវភេទ ក្នុងកម្រិតអត្រាខ្ពស់ រហូតដល់ជិត១ភាគ៣នៃស្រ្តី ដែលបានផ្ដល់បទសម្ភាសន៍ ដោយពួកគេបានរាយការណ៍ថា ធ្នាប់បានទទួលរងការបៀតបៀនផ្លូវភេទយ៉ាងខ្លាំង ក្នុងអំឡុងពេល១២ខែ ចុងក្រោយនេះ។

លោកស្រីថា “ចឹងការងារនេះ យើងបានធ្វើកន្លងមក មានលទ្ធភាពនិងធ្វើហើយ យើងបានទទួលលទ្ធផលជាវិជ្ជមាន ឃើញថា ចរន្តនៃអំពើហិង្សាក្នុងគ្រួសារ ក្រោយពីការសិក្សានេះមកវា មានចរន្តមួយមានការថយចុះ អំពើហិង្សាក្នុងគ្រួសារ។ ប៉ុន្តែអំពើហិង្សាផ្នែកផ្លូវភេទ មិនមានចរន្តចុះទេ” ។

លោកស្រីសង្កត់ធ្ងន់ថា នេះជាកង្វល់ដែលក្រសួង បានធ្វើការពិគ្រោះយោបល់ជាមួយក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ជាពិសេស ជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា កុំឲ្យមានអំពើហិង្សាលើផ្លូវភេទកើតមានឡើង ក្នុងរង្វង់គ្រួសារ និងសង្គមជាតិ ។

ក្នុងឱកាសនោះ លោកស្រីបានស្នើគ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចសហការជួយការពារស្រ្តី និងក្មេងស្រីកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរជាងមុន និងប្រកបដោយប្រសិទ្ធភាព ៕

ដោយ៖ធី លីថូ

Facebook Comments

To Top