នយោបាយ

នាយករដ្ឋមន្រ្តី ព្រមានចាប់បុគ្គលម្នាក់ មកសួរចំលើយ ដែលចោទថា សម្តេចដឹកនាំ ប្រទេសធ្វើឲ្យខ្វះភ្លើង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានទៅបុគ្គលម្នាក់ នៅខេត្តកំពង់ឆ្នាំង ចាប់មកសួរចំលើយ ក្រោយចោទ ប្រកាន់សម្តេចថា ដឹកនាំប្រទេស បណ្តោយឲ្យមានការដាច់ ចរន្តអគ្គិសនី ជាញឹកញាប់ ។

ក្នុងឱកាសបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានស្នើជាថ្មីម្តងទៀត ទៅកាន់ពលរដ្ឋ ឲ្យមានការយោគយល់ ចំពោះការដាច់ចរន្តអគ្គិសនី និងទឹក ព្រោះពេលនេះ អាកាសធាតុក្តៅ ហួតហែងជាខ្លាំង ។

សម្តេចថា ករណីខ្វះទឹក ភ្លើងនេះ មិនមែនកើតមានឡើង តែនៅកម្ពុជាទេ ប្រទេសមួយចំនួន ក៏មានការដាច់ដែរ ដូចជានៅអាមេរិកជាដើម ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ពាក់ព័ន្ធករណីនេះមានមនុស្សម្នាក់នៅខេត្តកំពង់ឆ្នាំងបានជេរសម្តេច អំពីការមិនចេះគ្រប់គ្រងប្រទេស ដែលបណ្តែតបណ្តោយ ឲ្យមានការដាច់ជាបន្តបន្ទាប់។

សម្តេចតេជោឲ្យដឹងទៀតថា «លឺមនុស្សម្នាក់នៅកំពង់ឆ្នាំង ប្រយ័ត្នណា ហែងជេរអញ កុំជេរអញពេក ប្រយ័ត្នអញយកមកសួរចំលើយ។ សំឡេងឯង អញថតបាន ។ ហែងជេរអញដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង។ ចឹងមានតែចុះចេញពីតំណែង ឲ្យគេឡើងមកធ្វើម្តង ។ ចឹងហែងដោះបានអត់ ?អ្នកនៅកំពង់ឆ្នាំងហែងដឹងហើយ ។ ហែងនិយាយពីម្សិលមិញ»។

សម្តេចក៏បន្តថា តាមការព្យាកររបស់ក្រសួងធនធានទឹក នឹងមានភ្លៀងធ្លាក់ ប្រហែលជាយប់នេះ ៕

Facebook Comments

To Top