នយោបាយ

ចិនប្តេជ្ញាបន្ត ពង្រឹងប្រតិបត្តិការ និងភាពជាដៃគូលើ វិស័យធនធានទឹក ជាមួយកម្ពុជា

ភ្នំពេញ ៖ លោក យូ ស៊ីងជួន (YU Xingjun) អគ្គនាយកក្រសួង ធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញារួមគ្នា ដើម្បីបន្តពង្រឹងភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើវិស័យធនធានទឹក ជាមួយកម្ពុជា ឲ្យបានកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរ ទាំងបច្ចុប្បន្ន និងអនាគត ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងធនធានទឹក។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោក យូ ស៊ីងជួន បានថ្លែងថា “យើងនឹងប្តេជ្ញារួមគ្នា ដើម្បីបន្តពង្រឹងភាពកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យធនធានទឹក រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត” ។

ក្នុងឱកាសនោះដែរ លោក លឹម គានហោ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះ ភាគីចិន បានជួយកម្ពុជារួមមាន៖ ១- ការបណ្តុះបណ្តាលធនធានមនុស្ស , ២-ការសិក្សាប្លង់មេ ស្តីពី ផែនការគម្រោងធនធានទឹកនៅកម្ពុជា , ៣-គម្រោងសាងសង់វិទ្យាស្ថាន ធនធានទឹក និង៤-ការអនុវត្តគម្រោងលើការអភិវឌ្ឍន៍ធនធានទឹកតាមស្ទឹង អាងទឹក ប្រព័ន្ធស្រោចស្រព ការការពារទឹកជំនន់ជាដើម ដែលការជួយគាំទ្រទាំងនេះ បាននឹងកំពុងរួមចំណែកជួយដល់ការអភិវឌ្ឍ និងភាពរីកចម្រើនសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន៕
ដោយ ៖ នឿត សម្ផស្ស

Facebook Comments

To Top