នយោបាយ

សម្ដេចតេជោ៖ ត្រឹមតែតំណាង EU ប៉ុណ្ណឹង មិនស័ក្តសមជួបសម្ដេចឡើយ

ភ្នំពេញ ៖ ក្រោយពីនាយករងផ្នែក គ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប (EU) លោកស្រី Paola Pampaloni កំពុងទស្សនាកិច្ចនៅកម្ពុជា ដោយបានជួបឧបនាយករដ្ឋមន្រ្តី២រូបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ត្រឹមកម្រិតតំណាងEUប៉ុណ្ណឹង មិនស័ក្តសមជួបពិភាក្សា ការងារជាមួយ សម្ដេចឡើយ។

កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ តំណាងEU បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពេលរសៀលជួប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ក្នុងជំនួបនោះដែរ តំណាងEU ក៏ស្នើឲ្យដោះលែងលោក កឹម សុខា ផងដែរ តែសំណើរនេះមិនអាចធ្វើតាមបានឡើយ ព្រោះជានីតិវិធីរបស់តុលាការ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា លោកស្រី Paola Pampaloni  បានជួបសម្ដេច ស ខេង និយាយផ្សេង និងជួបលោក ប្រាក់ សុខុន និយាយផ្សេង។សម្ដេចអះអាងថា លោកស្រី មកកម្ពុជានាពេលនេះមិនបានសុំជួប សម្ដេចតេជោនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កម្រិតប៉ុណ្ណេះមិនសមជួបនឹង ហ៊ុន សែន ទេ ។ ជួបធ្វើអី និយាយពិត។ កម្រិតថ្នាក់ប្រធាននាយកដ្ឋានថ្នាក់អ្នកផ្សេងៗ ជួបដល់ឧបនាយករដ្ឋមន្រ្តី វាហួសពេកទៅហើយៗ ។ ណោះចាំមក ប្រធានEU និងស្នងការ EU ហ្នឹងបាន ហ៊ុន សែន ត្រូវជួប។ ពិតហើយជួបក្រុមគំនិត ឧបនាយករដ្ឋមន្ត្រី វាហួសពេកហើយ ប៉ុន្តែគេនិយាយថា វាជារឿងបែកបាក់។អញ្ចឹងមានអ្នកខ្លះតាំងខ្លួនជាអ្នកវិភាគសូម្បីតែ ប្រពន្ធមួយមិនអាចសាមគ្គីបានផង ។ ហើយតាំងខ្លួនជាអ្នកវិភាគផេះអី”។

សូមរំលឹកថា គណៈប្រតិភូ នៃគណៈកម្មការសហគមន៍អឺរ៉ុបមកកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញ ពីលក្ខខណ្ឌក្នុងការដក ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ពីកម្ពុជា។ខណៈសហគមន៍អឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ  មុននឹងអាច ឈានទៅរកការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរក ភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕ 

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top