នយោបាយ

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ច្រានចោលការរិះគន់ របស់លោកខាងលិច លើការអនុវត្តន៍ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

តាកែវ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្រ្ទផល បានច្រានចោល និងចាត់ទុកការរិះគន់ របស់ប្រទេសលោកខាងលិច លើការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជារឿងមិនត្រឹមត្រូវនោះ។

ថ្លែងនៅក្នុងពិធីបើក វគ្គបណ្ដុះបណ្ដល គ្រូបង្គោលថ្នាក់ស្រុក ស្ដីពីការអនុវត្តន៍ការងារ គណនេយ្យភាពសង្គម ដល់មន្រ្តីរដ្ឋបាលសាលាក្រុង ស្រុកទាំង១០ និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃ អង្គារ៏ ទី ១៩ ខែ មីនា ឆ្នាំ ២០១៩ នៅខេត្តតាកែវ លោក ងី ច័ន្ទ្រផល បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើន ដូចជាផ្ដល់សិទ្ធិសេរីភាព ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល និងបានធ្វើការរៀបចំការ បោះឆ្នោតយ៉ាងទៀងទាត់ ដោយមានប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោតយ៉ាងច្រើន ថែមទៀតផងដែលនេះ ជាការអនុវត្តន៍ប្រជាធិបតេយ្យ យ៉ាងខ្ជាប់ខ្ជូន។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តថា “បើទោះបីជារាជរដ្ឋាភិបាល បានប្រឹងប្រែងអនុវត្តន៍ច្បាប់ ធ្វើកំណែទម្រង់លើការងារជាច្រើនក្ដី ក៏ប៉ុន្តែការអនុវត្តន៍ របបប្រជាធិបតេយ្យរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ដែលយើងចាត់ទុកថា ក្មេងខ្ចីនៅឡើយនោះ នៅជួបប្រទះបញ្ហា ប្រឈមមួយចំនួន។ បញ្ហាប្រឈមមួយចំនួននេះ ដែលនាំឲ្យមានការរិះគន់ ដោយលម្អៀងរបស់ប្រទេសលោកខាងលិច ខ្លះចំពោះការអនុវត្តន៍ ប្រជាធិបតេយ្យនៅ ប្រទេសកម្ពុជាយើង”។

បើតាមលោក ងី ច័ន្ទ្រផល “ការរិះគន់រឿងការអនុវត្តន៍ ប្រជាធិបតេយ្យចំពោះ ប្រទេសកម្ពុជា យើងមិនអាចទទួលយកបានទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីពង្រឹងការអនុវត្តន៍ ប្រជាធិបតេយ្យតាមរយៈ ការយកប្រជាពលរដ្ឋជាធំ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស” ៕

ដោយ៖ ដូនកែវ

Facebook Comments

To Top