នយោបាយ

នាយករដ្ឋមន្រ្តី៖ ៥០០ឆ្នាំមកនេះ កម្ពុជាទើបតែរួបរួម ជាធ្លុងមួយ ក្រោមការដឹកនាំ របស់សម្តេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ ដែលសម្ដេចទទួលបាននេះ ពិតជាមានអត្ថន័យសម្រាប់សម្ដេច និងប្រជាជនកម្ពុជាទាំងអស់ ដែលនេះសបញ្ជាក់ថា ដោយសារតែទំនាក់ទំនង នយោបាយល្អ ទើបធ្វើឲ្យកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេច រួបរួមជាធ្លុងមួយ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ ។

ក្នុងពិធីអញ្ជើញទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ ពីសកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បី នៅប្រទេសថៃ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាទើបទទួលបានសុខសន្តិភាព ក្នុងរយៈពេល ២០ឆ្នាំប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃចុងក្រោយដែល សង្គ្រាមរ៉ាំរៃបានបញ្ចប់ទាំងស្រុង តាមរយៈការអនុវត្ត គោលនយោបាយឈ្នះ ឈ្នះ ដែលសម្រេចបានដោយ កម្ពុជាខ្លួនឯងផ្ទាល់ គ្មានការបង្ហូរឈាម ការប្រើអាវុធ និងដោយគ្មានការ បង្គាប់បញ្ជាពីខាងក្រៅ។

សម្តេចបន្តថា “កម្ពុជាបានរួបរួមគ្នាជាថ្លុងមួយ មានការឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ លើកដំបូងបំផុតដែល មិនធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងមក” ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា “សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ ដែលបានផ្ដល់ដល់រូបខ្ញុំ នាឱកាសនេះ ពិតជាមានអត្តន័យសម្រាប់រូបខ្ញុំ និងប្រជាជនកម្ពុជាខ្មែរទាំងមូល” ។

សម្ដេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀត បច្ចុប្បន្នកម្ពុជាបាន កសាងវិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ពីការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឲ្យកម្ពុជា មានសុខសន្តិភាព ឈ្នះជានិច្ចនិរន្ត ហើយបានកត់ទុកសមិទ្ធផល សង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ ពីប្រវត្តិសាស្រ្តកម្ពុជា ។

ទន្ទឹងនឹងនេះ នាយករដ្ឋមន្ត្រីថា ក្រោយកម្ពុជាទទួលបាន សន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីចម្រើន គួរឲ្យកត់សម្គាល់ក្នុងរយៈពេលជិត ២ទស្សវត្សចុងក្រោយនេះ។ កម្ពុជាទទួលបានចំណាត់ ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ នៅលើពិភពលោក ដោយសម្រេចបានកំណើន ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់ លើវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជួន ។

សម្ដេចបន្ថែមថា ចំណែករចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្ដូរពីប្រទេសដែល ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែក លើវិស័យឧស្សាហកម្ម ។ ទន្ទឹមនឹងនេះ កម្ពុជានឹងខិតខំបន្តទៀតដើម្បី ឲ្យក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top