នយោបាយ

Full Story ៖ នាយករដ្ឋមន្រ្តី ៖ លោក អាត់ ធន់ ត្រូវឲ្យកម្មករឈប់ធ្វើកូដកម្ម ទាមទារប្រាក់ អតីតភាពការងារសរុប តែកម្មករទាមទារ សុំចូលធ្វើការវិញទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើលោក អាត់ ធន់ប្រធានសហភាពការងារកម្ពុជា ប្រាប់ក្រុមកម្មករបម្រើការងារ នៅរោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) ឈប់ធ្វើកូដកម្មទាមទារ បើកប្រាក់អតីតភាព សរុបក្នុងពេលតែមួយ ព្រោះជាទង្វើខុសច្បាប់ ខណៈច្បាប់ការងារ តម្រូវឲ្យបើកប្រាក់ អតីតភាពការងារ៦ខែម្ដង ។

ការស្នើរបស់នាយករដ្ឋមន្រ្តីនេះ ដោយសារក្រុមកម្មករជិត២ពាន់នាក់ បានពឹងពាក់ឲ្យលោក អាត់ ធន់ ជួយដោះស្រាយបញ្ហានេះ ក្រោយពីផ្ទុះបាតុកម្មជាលើកដំបូង។

ប៉ុន្តែក្រុមកម្មករ ដែលនៅសេសសល់ធ្វើកូដកម្មនេះ អះអាងថា ពួកគេបន្តធ្វើកូដកម្ម ដើម្បីស្នើសុំចូលធ្វើការងារវិញតែប៉ុណ្ណោះ ។

កម្មករម្នាក់ក្នុងចំណោមកម្មករជាង១០០នាក់ បម្រើការងារនៅរោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) ដែលបានឡើងមកតវ៉ានៅមុខផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ពួកគេមកក្នុងគោលបំណង ដើម្បីស្នើសម្តេចអន្តរាគមន៍ ឲ្យបានចូលធ្វើការងារវិញតែប៉ុណ្ណោះ មិនមែនមកបន្តសុំប្រាក់ អតីតភាពការងារនោះទេ ។

ក្រុមកម្មករចំនួន១៨០០នាក់ ធ្វើការនៅរោងចក្រ ដាប់ប៊ែលយូ អែន ឌីស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងបានហែញត្តិយកទៅដាក់ នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ ស្នើសុំបើកប្រាក់អតីតភាពការងារ ឬប្រាក់សោធននិវត្តន៍ មុនឆ្នាំ២០១៩ ឲ្យអស់សិន មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវបើករាល់៦ខែម្ដង។ ក្នុងចំណោមអ្នកតវ៉ាទាំងនោះ នៅសល់តែជាង១០០នាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបានចូលធ្វើការវិញហើយ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា “អំពាវនាវចំពោះលោក អាត់ ធន់ សុំឲ្យសមាជិកសមាជិការបស់ខ្លួនបន្ត…។ អានេះតាមដឹងថា សហជីព ជាសមាជិករបស់លោក អាត់ ធន់ ។ ខ្ញុំសុំស្នើដល់បញ្ហានេះ ហើយបន្តទទួលយកទៅតាមច្បាប់ដែលបានកំណត់ ។ យើងកំពុងទាមទារខុសច្បាប់ គឺមិនអាចដោះស្រាយបានទេ ព្រោះបើសិនជាដោះស្រាយបាន គេដោះស្រាយហើយ គេមិនចាំបាច់ឲ្យយើងធ្វើបាតុកម្មទេ ប៉ុន្តែដោយសារតែរឿងយើងគិតគូសព្វគ្រប់ហើយថា បើសិនជាដោះស្រាយចេញម៉ាព្រឹប វាប្រមាណជា២ពាន់លានដុល្លារអាមេរិក” ។

សម្ដេចបន្តថា ប្រាក់អតីតភាពការងារមិនបានបាត់ទៅណាទេ ប៉ុន្តែបើកម្មករធ្វើកូដកម្មបែបនេះ នឹងធ្វើឲ្យថៅកែរោងចក្ររត់ចោល ដូច្នេះគ្មានអ្នកណាទទួលខុសត្រូវ ក្រៅពីរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវបង់ខាតអស់២២លានដុល្លារ ដើម្បីយកប្រាក់ទាំងអស់ហ្នឹងបើកឲ្យកម្មករ។ បើបន្តឲ្យមានករណីនេះទៀត ហានិភ័យនឹងកើតមានឡើង ហើយរាជរដ្ឋាភិបាលជាជនរងគ្រោះ ក្នុងការផ្ដល់ប្រាក់សម្រាប់ទូទាត់ឲ្យទៅកម្មករ ជំនួសថៅកែបិទទ្វាររោងចក្រ។

សម្ដេចបញ្ជាក់ថា ដើម្បីសម្រួល ទើបបានជាធ្វើវិសោធនកម្មច្បាប់ ឲ្យធ្វើការទូទាត់ប្រាក់ឈ្នួលរៀងរាល់៦ខែម្ដង ប៉ុន្តែកម្មករមួយចំនួនបានឈាន ទៅការទាមទារឲ្យទូទាត់ខុស ពីច្បាប់តែម្ដង ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសមួយ ស្តីអំពីការទូទាត់ប្រាក់បំណាច់អតីត ភាពការងារ ដែលសេចក្តីប្រកាសនេះមានវិសាលភាពគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថាន និងជនទាំងឡាយណាដែលស្ថិត ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ប្រកាសនេះ អនុវត្តចាប់ពីឆ្នាំ២០១៩ ៕

ដោយ ញិល សុខសាន

Facebook Comments

To Top