នយោបាយ

លោក អាត់ ធន់ បញ្ជាក់ថា កម្មករលែងទាមទារ ប្រាក់អតីតភាពការងារហើយ តាំងតែពីមកពឹងពាក់សហជីពខ្លួន

ភ្នំពេញ ៖ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមកម្មករបម្រើការងារ រោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) បានឈប់ធ្វើកូដកម្មទាមទារ បើកប្រាក់អតីតភាពសរុបក្នុងពេលតែមួយ តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែសព្វថ្ងៃដែលពួកគេទាមទារនេះ ដើម្បីសុំចូលបម្រើការងារវិញតែប៉ុណ្ណោះ។

ក្រុមកម្មករចំនួន១៨០០នាក់ ធ្វើការនៅរោងចក្រ ដាប់ប៊ែលយូ អែន ឌីស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងបានហែញត្តិ យកទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ ស្នើសុំបើកប្រាក់អតីតភាពការងារ ឬប្រាក់សោធននិវត្តន៍ មុនឆ្នាំ២០១៩ ឲ្យអស់សិន មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវបើករាល់៦ខែម្ដង។ ប៉ុន្តែក្រោយមកពួកគេផ្អាកទាមទារវិញ។

លោក អាត់ ធន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ថា តាំងតែងពីកម្មករបញ្ឈប់ការទាមទារ បើកប្រាក់អតីតភាពការងារសរុបមក គឺពួកគាត់ត្រូវបានភាគីរោងចក្រ មិនអនុញ្ញាតឲ្យចូល បម្រើការងារវិញជាង១ពាន់នាក់។

លោកថា ខាងសមាគមរោងចក្រកាត់ដេរ បានឲ្យពួកគាត់ចូលធ្វើការវិញ ប៉ុន្តែជាក់ស្តែងកម្មករមិនបានចូលនោះទេ។

មេសហជីពរូបនេះបន្តថា ពួកគេបានផ្អាកការទាមទារប្រាក់ អតីតភាពការងារតាំងតែពីមកពឹងពាក់ ឲ្យសហជីពជួយដោះស្រាយមកម្ល៉េះ ក្រោយពីលោកបានពន្យល់ថា មិនអាចទាមទារបើកប្រាក់អតីតភាព សរុបទាំងអស់នោះទេ។

លោក អាត់ ធន់ បញ្ជាក់ថា “ខ្ញុំមិនបាននៅពីក្រោយខ្នង នៃក្រុមកម្មករធ្វើបាតុកម្មនោះទេ (ទាមទារប្រាក់អតីតភាពការងារសរុប) សូម្បីតែកម្មករក៏លែងទាមទារប្រាក់ អតីតភាពការងារដែរ។ ពីដំបូងដែលសហជីពដឹកនាំនោះ គឺលែងហើយ ។ ចឹងគ្មានហេតុផលអីទៅទាមទារ គឺសូមតែឲ្យក្រុមហ៊ុនអនុញ្ញាត ឲ្យពួកគាត់ចូលធ្វើការវិញ”។

លោកថា ករណីប្រាក់អតីតភាពការងារ ក្រុមកម្មករ ព្រមទទួលយកការបើកឲ្យ៦ខែម្តងហើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើលោក អាត់ ធន់ប្រធានសហភាពការងារកម្ពុជា ប្រាប់ក្រុមកម្មករបម្រើការងារ នៅរោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) ឈប់ធ្វើកូដកម្មទាមទារ បើកប្រាក់អតីតភាពសរុបក្នុងពេលតែមួយ ព្រោះជាទង្វើខុសច្បាប់ ខណៈច្បាប់ការងារតម្រូវ ឲ្យបើកប្រាក់អតីតភាពការងារ៦ខែម្ដង៕

Facebook Comments

To Top