នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ មកដល់ពេលនេះ មិនមានប្រទេសណារអ៊ូរទាំពីកម្ពុជា ធ្វើទុក្ខបុកម្នេញដល់NGOs ទេ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះ មិនមានប្រទេសណាមួយ មានការរអ៊ូរទាំមកលើកម្ពុជា ចំពោះការធ្វើទុក្ខបុកម្នេញ ដល់អង្គការក្រៅរដ្ឋាភិបាល (NGOs) ។

ក្នុងពិធីប្រកាសតែងតាំងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុជំនួស លោក ប៉ុល សារឿន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា មានអង្គការសង្គមស៊ីវិលជាច្រើន បានសរសើរកម្ពុជាមានភាពល្អប្រសើរ ។

សម្ដេចមានប្រសាសន៍ថា “អន្ដរជាតិរហូតមកដល់នេះ ឥស្សរជនជាអ្នកកាទូត ឬឥស្សរជនប្រទេសនានាក្ដី ដូចអត់លើកបញ្ហាហ្នឹងទេ អត់លើបញ្ហារអ៊ូរទាំ ធ្វើទុក្ខបុកម្នេញអង្គការ មិនមែនរដ្ឋាភិបាលអីហូរហែអីចឹង ។ មិនមានទៀតទេ ដោយសារតែយើងយកចិត្តទុកដាក់” ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩មក រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃបានកែសម្រួល លើបញ្ហាជាច្រើនជាមួយក្រុមអង្គការសង្គមស៊ីវិល ។ ក្នុងនោះ បានអនុញ្ញាឲ្យអង្គការ សមាគម ធ្វើកម្មវិធីជួបជុំអ្វីមួយ មិនបានជូនដំណឹងមកក្រសួងទៀតទេ ហើយក៏អាជ្ញាធរមានសមត្ថកិច្ច ជួយការពារសន្តិសុខសណ្តាប់ធ្នាប់ ដល់ពួកគេថែមទៀតផង៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top