នយោបាយ

រដ្ឋបាល រាជធានីភ្នំពេញ បូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ដើម្បីធានាការពារសន្តិសុខ ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ក្នុងការពន្លឿនការអភិវឌ្ឍន៏ និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ បំរើប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង ខណៈថ្ងៃស្អែកទី១៩ នឹងត្រូវបិទបញ្ចប់ក្រោម វត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងពិធីបើកសន្និបាតនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នេះ គឺជាការបូកសរុបវាយតំលៃ ដកពិសោធន៍លទ្ធផលការងារឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ហើយជាឆ្នាំចាប់ផ្តើម នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ។

លោកបានលើកឡើងទៀតថា ចំពោះវិធីសាស្ត្រ ដើម្បីកំណត់ទិសដៅ អនុវត្តការងារឆ្នាំ២០១៩ អង្គសន្និបាត បានរក្សាវិធីសាស្ត្របែងចែក ក្រុមពិភាក្សា ក្នុងគោលបំណងទទួលបាន ធាតុចូលកាន់តែច្បាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៤ រួមមាន៖ ទី១-វិធានការ ជំរុញការអនុវត្តច្បាប់ចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ , ទី២-ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ , ទី៣-ការធ្វើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ និងទី៤-វិធានការទប់ស្កាត់ ការប្រើប្រាស់អក្សរបរទេស នៅលើអក្សរខ្មែរ ឬអក្សរបរទេសសុទ្ធ ដោយគ្មានកម្មសិទ្ធិបញ្ញា លើផ្ទាំងផ្សព្វផ្សាយផ្សេងៗ។

លោកបន្តថា បញ្ហាសំខាន់ៗខាងលើនេះ ទាមទារឲ្យប្រឹងប្រែងថែមទៀត ដើម្បីថែរក្សា និងពង្រីកបន្ថែមនូវស្នាដៃ និងសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសំរេចបានក្នុងឆ្នាំ២០១៨ ហើយសំណុំបញ្ហាទាំងនេះ ក៏ជាការងារអាទិភាពដែលត្រូវពង្រឹងយន្តការ អនុវត្តឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ជំរុញការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ៕ ដោយ ម៉ៅ ដារាត់

Facebook Comments

To Top