នយោបាយ

ពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ នៅសង្កាត់ ស្ទឹងមានជ័យទី២ ទទួលអំណោយ ពីកាកបាទក្រហម

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយ កាកបាទក្រហមកម្ពុជា ប្រគល់ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្កិភ័យឆាប់ឆេះផ្ទះ សំបែងអស់៥០ខ្នង ស្មើនឹង ៥១គ្រួសារ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងដំណើរសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋជួបគ្រោះអគ្កិភ័យនេះ អមដំណើរដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី , លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រួមទាំងលោក លោកស្រី សមាជិក សមាជិកា ចៅសង្កាត់ស្ទឹងមានជ័យទី២ផងដែរ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពលរដ្ឋទាំងអស់គ្នាផងដែរ ។

បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន ៥១គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះ បំផ្លិចបំផ្លាញផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិ ។ លោកថា តែទោះបីជាយ៉ាងណាក៏អាចរក្សាអាយុជីវិតបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារ ដើម្បីមានធនធានបន្តជីវភាព កាន់តែប្រសើរឡើង ជាងនេះទៀត ។

លោកប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីឲ្យគ្រួសារទាំង៥១ មានឱកាសស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ ប្រើប្រាស់អ្វីផ្សេងៗទៀត។

លោកក៏បានអំពាវនាវ ពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យឧបករណ៍ភ្លើងដែលងាយឆាបឆេះ និងត្រូវបិទបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុដែលអាចបំផ្លាញ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទឹកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ» ៕

ដោយ ម៉ៅ ដារាត់

Facebook Comments

To Top