នយោបាយ

អតីតមន្រ្តីបក្សប្រឆាំង ២៦រូបទៀត នឹងសុំធ្វើនយោបាយឡើងវិញ ខណៈលោក រៀល ខេមរិន្ទ្រ សុំរួចរាល់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានយល់ព្រមបញ្ជូនលិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់លោក រៀល ខេមរិន្ទ្រ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាហើយ ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុគ័ក ។

លោកថា បើតាមការបង្ហើប ពីប្រភពអតីតមន្រ្តី ក្នុងបក្សប្រឆាំង គឺមាន២៦នាក់ទៀត នាពេលខាងមុខនេះ នឹងសុំធ្វើនយោបាយវិញ។

លោក រៀល ខេមរិន្ទ្រ ដែលគេដឹងថា ជាមនុស្សម្នាក់ កាលពីជាតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ មានការប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មភាព របស់រាជរដ្ឋាភិបាល ប៉ុន្តែក្នុងចំណោ មន្រ្តីទាំង១១៨រូប ដែលបានកាត់សិទ្ធិ ធ្វើនយោបាយនោះ លោកគឺជាមនុស្សទី៤ហើយ ដែលបានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ និងកូនប្រុស ឈ្មោះ គង់ បូរ៉ា ព្រមទាំងលោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹមវ៉ាន់នី បានសុំសិទ្ធិធ្វើនយោបាយ ក្រោយព្រះមហាក្សត្រ កម្ពុជា ឡាយព្រះហស្តលេខា ដាក់ឲ្យប្រើប្រាស់ សេចក្ដីស្នើវិសោធនកម្មច្បាប់ មាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់គណបក្សនយោបាយ បើកផ្លូវឲ្យអតីតមន្ត្រីបក្សប្រឆាំង ទាំង១១៨រូប សុំសិទ្ធិធ្វើនយោបាយ។

លោក ខៀវ សុគ័ក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ថា “ពិតហើយលោក រៀល ខេមរិន្ទ្រ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយសម្តេចក្រឡាហោម ស ខេង បានយល់ព្រម។ គាត់បានសុំកាលពីថ្ងៃទី១៤ ខែមីនា កន្លងមក ។ ឥឡូវសម្តេចឯកភាពហើយ ប៉ុន្តែនៅរង់ចាំព្រះរាជក្រឹត្យមួយទៀត ទើបទទួលបាន សិទ្ធិជាស្ថាពរ ព្រោះថា ជាគោលការណ៍រាជរដ្ឋាភិបាល ឯកភាពហើយ” ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានដឹងថា តាមទទួលដំណឹងជាបន្តបន្ទាប់ គឺនឹងមានអតីត គណបក្សសង្គ្រោះជាតិ ប្រមាណ២៦រូប សុំនីតិសម្បទា ធ្វើនយោបាយឡើងវិញ។

លោកបញ្ជាក់យ៉ាងដូច្នេះថា “តាមយើងដឹងមក នឹងមានអ្នកសុំចុះចូល ដោយទ្រង់ទ្រាធំ ប្រមាណជាង២៦រូបជាកញ្ចប់ ប៉ុន្តែយើងក៏បាន សុំទៅគាត់វិញថា ត្រូវសុំជាលាយលក្ខអក្សរ ដោយធ្វើជាម្នាក់មួយៗ” ។

លោក ខៀវ សុគ័ក ក៏បានឲ្យដឹងទៀតថា បើតាមសេចក្តីជូនសំណឹង របស់ក្រសួងមហាផ្ទៃ អតីតមន្ត្រីគណបក្សប្រឆាំង មិនអាចសុំសិទ្ធិនយោបាយវិញ ជាកញ្ចប់នោះទេ ។

លោកថា ការសុំសិទ្ធិធ្វើនយោបាយនេះ គឺជាផលចំណេញរបស់អតីតបក្សប្រឆាំង ខណៈទ្វារចំហរ ក្នុងការផ្តល់សិទ្ធិ នយោបាយ មានរយៈពេលកំណត់ ព្រោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អាចនឹងបិទ ការផ្តល់នីតិសម្បទា ធ្វើនយោបាយដល់អតីត បក្សប្រឆាំងនៅមុន ឬក្រោយចូលឆ្នាំខ្មែរ ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា “ពួកគាត់ចូលមកជា ផលប្រយោជន៍របស់គាត់ទេ ហើយបើគាត់មិនចូល យើងមិនអាចចាំបានទេ ហើយនឹងហួសពេល រហូដល់ឆ្នាំ២០២២ ទើបគាត់មានសិទ្ធិ នយោបាយ។ បើគាត់មិនមក ពេលនោះនឹងដល់ថ្ងៃ បោះឆ្នោតបាត់ហើយ” ។

ក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៤ មីនា សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសបើកផ្លូវ ដល់អតីតមន្ត្រីបក្សប្រឆាំង ដាក់ពាក្យស្នើទៅក្រសួងមហាផ្ទៃ សុំសិទ្ធិធ្វើនយោបយ ឡើងវិញឲ្យបានឆាប់រហ័ស ដោយមិនត្រូវដាក់ លក្ខខណ្ឌអ្វីទេ ហើយច្រកទ្វារ នយោបាយនេះ អាចនឹងបិទវិញនៅមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរ ខណៈគ្មានឡើយការចរចា ផ្នែកនយោបាយ ។

សម្តេចថា បើម៉េចម៉ា ត្រូវទុកសិទ្ធិឲ្យតុលាការកាត់ក្តី សម្រាប់អ្នកដែល ត្រូវបានចាប់ខ្លួន និងកំពុងដាក់ក្រោម ការត្រួតពិនិត្យ របស់តុលាការ៕ ដោយ ស សំណាង

Facebook Comments

To Top