ព័ត៌មានជាតិ

មន្រ្តីអគ្គិសនីកម្ពុជា ពន្យល់ពីការដាច់ភ្លើង ញឹកញាប់ ក្រោយមនុស្សខ្លះ វាយប្រហារ ខ្វះផែនទប់ស្កាត់

ភ្នំពេញ ៖ ក្រោយពីមានការវាយប្រហារ មកលើលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានការធ្វេសប្រហែស គ្មានផែនការទប់ស្កាត់ លើការដាច់ចរន្តអគិ្គសនី នារយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលមានសកម្មភាពញឹកញាប់នោះ មន្រ្តីអគ្គិសនីបានបកស្រាយពន្យល់ ទៅបុគ្គលរូបនោះ ពីផែនការនានា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អគ្គិសនីនៅកម្ពុជាមានការដាច់ ជាបន្តបន្ទាប់ស្ទើរតែគ្រប់ទីកន្លែង ជាពិសេសរាជធានីភ្នំពេញ ដាច់ទាំងយប់ផង និងថ្ងៃផង ។ ការដាច់នេះ មានការដំណាលគ្នានឹងគ្រោះរាំងស្ងួត ក្តៅជាខ្លាំង ។ ការដាក់នេះ បានធ្វើឲ្យមានការ រអ៊ូរទាំជាខ្លាំងពីប្រជាពលរដ្ឋ។

មន្រ្តីអគ្គិសនីកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ថា ផែនការនានាគឺក្រសួងពាក់ព័ន្ធ មានផែនការតាំងពីអាណត្តិ មុនមកម្ល៉េះ ប៉ុន្តែដោយសារសព្វថ្ងៃនេះ អាកាសធាតុក្តៅហួតហែង ជាខ្លាំង ទើបស្នើឲ្យមានការប្រើប្រាស់ ដោយសន្សំចៃខ្ពស់។

លោកថា គឺភារកិច្ចទប់ស្កាត់ដាច់ចរន្តនេះ គឺជាតួនាទីរបស់ក្រសួងរ៉ែ និងថាមពល មិនមែនរបស់អគ្គិសនីទេ។

លោកបញ្ជាក់ថា “EDC គឺគ្រាន់តែជាអ្នកប្រតិបត្តិលក់-ទិញ ។ ការពារការលក់-ទិញហ្នឹងឯង”។

មន្រ្តីអគ្គិសនីដដែលបន្តរៀបរាប់ លើផែនការនានាដែលបានកំណត់ ដោយរាជរដ្ឋាភិបាលថា ដើម្បីកាត់បន្ថយការទិញអគ្គិសនីពីក្រៅប្រទេស គឺមានគម្រោងដើរដោយពន្លឺៗ ព្រះអាទិត្យលមាន៦០មេហ្កាវ៉ាត់ហៅថា (សូឡាហ្វាម) នៅថ្មាតពង ក្នុងខេត្តកំពង់ស្ពឺ ជិតរាជធានីភ្នំពេញ ឲ្យទៅក្រុមហ៊ុនឯកជនសាងសង ដោយនឹងត្រូវបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែគម្រោងនេះ នឹងរួចមុនផែនការ ដែលបានកំណត់។ ដោយពាក់កណ្តាលខែមេសា នេះ នឹងបញ្ចេញ២០មេហ្កាវ៉ាត់ និង៤០មេហ្កាវ៉ាតទៀតនឹងចេញនៅខែសីហា។

ក្នុងនោះរាជរដ្ឋាភិបាលក៏បានអនុម័ត រោងចក្រអគ្គិសនីដើរដោយ ធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុដែរ ។

លោកឲ្យដឹងទៀតថា “រោងចក្រថ្មីចេញមក សូឡាហ្វាមចេញមក ការនាំចូលបន្ថែមមក និងវិធានការណ៍ជាកញ្ចប់ ជាច្រើនទៀត វានឹងធ្វើឲ្យស្ថានភាពនៃការផ្គត់ផ្គង់ នៅចុងឆ្នាំនេះ នឹងត្រូវជាសល់ភ្លើងវិញហើយ ។ ការលំបាកនេះ ដោយសារបណ្តោះ អាសន្ន២-៣ខែសិនទេ ។ បើសិនមានភ្លៀងខែឧសភា គឺចប់ហើយ បើមិនមានភ្លៀងទេ អូសបន្លាយដល់ខែមិថុនា”។

ពាក់ព័ន្ធនឹងការឧបត្ថម្ភធន់ នៅឆ្នាំ២០១៩នេះ លោកថា ដើម្បីទប់ស្កាត់ តម្លៃអគ្គិសនីកុំឲ្យឡើងខ្ពស់ នៅតាមបណ្តារាជធានី-ខេត្ត បានបញ្ចេញថវិកាពីអគ្គិសនីកម្ពុជា ជិត១០០លានដុល្លារ។

សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ មីនា បានចេញសេចក្តីណែនាំឲ្យពលរដ្ឋប្រើប្រាស់ អគ្គិសនីដោយមានការសន្សំ ក្នុងស្ថានភាពលំបាក ក្នុងរដូវប្រាំង ឆ្នាំ២០១៩។

ក្នុងអគ្គិសនីលើកឡើងថា “ទាំងអស់គ្នា ប្រើប្រាស់ថាមពលឲ្យមានលក្ខណៈ​ សន្សំចៃខ្ពស់បំផុត ពោលគឺប្រើភ្លើងបំភ្លឺតែពេល និងកន្លែងចាំបាច់ បិទឧបករណ៍ ដូចជាម៉ាស៊ីនត្រជាក់ ឲ្យបានអស់លទ្ធភាព ហើយភ្លើងបំភ្លឺពេលយប់ គឺសម្រាប់តែគោលដៅការពារ សន្តិសុខចាំបាច់ប៉ុណ្ណោះ”។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៤ មីនា បានចុះហត្ថលេខា ជាមួយអគ្គនាយកអគ្គិសនីឡាវ ដើម្បីទិញអគ្គិសនី ២០០មេហ្កាវ៉ាត់ បន្ថែមពីឡាវ ដើម្បីផ្គត់ផ្គង់ នៅដើមឆ្នាំ២០២១ ក្នុងការដោះស្រាយតម្រូវការ ពលរដ្ឋ ដែលមានកំណើន យ៉ាងលឿន ៕

Facebook Comments

To Top