នយោបាយ

បក្សកាន់អំណាច៖ អតីតមន្រ្តីបក្សប្រឆាំង៤រូប សុំសិទ្ធិធ្វើនយោបាយ បង្ហាញថា លទ្ធិប្រជាធិបតេយ្យកម្ពុជា នៅតែមានជីវិត

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា អតីតមន្រ្តីបក្សប្រឆាំង ចំនួន៤រូប ដែលបានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ បានបង្ហាញពីដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា នៅតែមានជីវិតរស់រវើក។

លោក រៀល ខេមរិន្ទ្រ ជាបុគ្គលទី៤ហើយ ដែលបានសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ក្រោយពីលោក គង់ គាំ និងកូនប្រុស ឈ្មោះ គង់ បូរ៉ា ព្រមទាំងលោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹមវ៉ាន់នី។

លោក សុខ ឥសាន ថ្លែងតាមរយៈបណ្តាញ ទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ថា “គ្រាន់តែមាន អ្នកនយោបាយ៤នាក់ បានទទួលសិទ្ធិ ធ្វើនយោបាយឡើងវិញ ប្រជាជនកម្ពុជាទូទៅ បានកត់សម្គាល់ឃើញថា លទ្ធិប្រជាធិបតយ្យនៅកម្ពុជា នៅតែមានជីវិតរស់រវើក និងមានសុពលភាពដដែល ។ អ្នកនយោបាយ មានសិទ្ធិសេរីភាព គ្រប់គ្រាន់ ក្នុងការសម្រេចចិត្តដោយឯករាជ្យ ក្នុងជីវភាពនយោបាយរបស់ខ្លួន” ។

លោកថា អ្នកដែលបានដាក់ពាក្យ សុំនីតិសម្បទានយោបាយឡើងវិញ ស្របតាមច្បាប់វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងនីតិវិធីរបស់ក្រសួងមហាផ្ទៃ អ្នកនោះនឹងទទួលបាន សិទ្ធិធ្វើនយោបាយវិញ ភ្លាមដូចបំណង ។ ចំណែកអ្នកមិនបានដាក់ពាក្យ អ្នកទាំងនោះ ក៏មិនទទួលបានសិទ្ធិធ្វើនយោបាយ ដែលទៅស្របតាមសំណូមពរ របស់ខ្លួន ។

អ្នកនាំពាក្យបន្តថា ដូច្នេះបញ្ហាស្ថិតនៅលើ សិទ្ធិសម្រេចចិត្ត ដោយឯករាជ្យរបស់ម្នាក់ៗ គ្មានអ្នកណាគាបសង្កត់ ឬគំរាមកំហែងខ្លួនឡើយ ។ បើខ្លួនឯងចង់បាន គឺបាន តែបើខ្លួនឯង មិនចង់បានទេ ក៏មិនបានដែរ ។ ត្រង់នេះសបញ្ជាក់ថា ជីវិតនយបាយរបស់ខ្លួន គឺស្ថិតនៅលើខ្លួនឯងម្នាក់ៗទេ មិនរណបលើអ្នកដទៃឡើយ ។

លោក សុខ ឥសាន ថា នេះបង្ហាញពីសិទ្ធិនយោបាយ នៅកម្ពុជា ត្រូវបានបើកចំហរ និងស្វាគមន៍ជានិច្ច ចំពោះគ្រប់អ្នកនយោបាយ ពាក់ព័ន្ធពីនីតិសម្បទាន យោបាយរបស់ខ្លួន ដែលសាម៉ីខ្លួនជាអ្នកទទួលខុសត្រូវ ដោយខ្លួនឯងផ្ទាល់៕

Facebook Comments

To Top