ព័ត៌មានជាតិ

គ្រូបង្រៀន និងសិស្សានុសិស្ស ស្រុកកោះធំ ធ្វើដំណើរតាមរថភ្លើង មកដល់កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកគ្រូ-អ្នកគ្រូ-សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជា៦៥១នាក់ មកពីស្រុកកោះធំ ខេត្តកណ្តាល បានធ្វើដំណើរកំសាន្ត តាមរថភ្លើងដល់ស្ថានីយរមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងហើយ នៅម៉ោងប្រមាណជា១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំ របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន។

ការដឹកនាំធ្វើដំណើរកំសាន្ត តាមរថភ្លើងជាលើកទី៤នេះ ដើម្បីជំរុញឲ្យមានការគាំទ្រ លើការធ្វើដំណើរតាមរថភ្លើង ភាគខាងជើង រាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែលរាជរដ្ឋាភិបាលកម្ពុជា បានតភ្ជាប់ឡើងវិញ ទាំងស្រុង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោយខកខាន ដំណើរការ និងកាត់ផ្តាច់ ដោយសារសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ កន្លងមក។

នេះជាសារបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវប្រព័ន្ធផ្លូវដែកកម្ពុជា បន្ទាប់បំផ្លិចបំផ្លាញ ក្នុងសម័យសង្គ្រាម និងជាការចង់ឲ្យអ្នកស្រុកកោះធំ បានស្គាល់រសជាតិ នៃការធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ក៏ដូចជា ប្រជាជនកម្ពុជាភាគច្រើន មិនធ្លាប់បានធ្វើដំណើរ។

ជាងនេះទៅទៀត ផ្លូវដែកភាគខាងជើង ដែលត្រូវបានតភ្ជាប់ទាំងស្រុង ពីភ្នំពេញទៅប៉ោយប៉ែត ផ្ដល់ជម្រើស ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ សំដៅកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរ និងវិនិយោគិនជាតិអន្តរជាតិ បង្កើតការងារឲ្យប្រជាពលរដ្ឋ ក្នុងការពង្រឹងសក្ដានុពល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ឆ្ពោះទៅកាន់ការកាត់បន្ថយ ភាពក្រីក្រ។

សូមរំលឹកថា ផ្លូវដែកកម្ពុជាត្រូវបាន ចែកចេញជា២ខ្សែធំៗ៖ ខ្សែទី១- ស្ថិតនៅទិសពាយ័ព្យ ចាប់ពីរាជធានីភ្នំពេញ ទៅដល់ប៉ោយប៉ែត ជាប់ព្រំប្រទល់កម្ពុជា-ថៃ មានប្រវែង៣៨៦ គីឡូម៉ែត្រ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ ១៩២៩-១៩៤២ ក្នុងសម័យអាណានិគមបារាំង ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។

ខ្សែទី២- ស្ថិតនៅទិសនិរតី ចាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ ត្រូវបានកសាង ក្នុងអំឡុងឆ្នាំ១៩៦០-១៩៦៩ ក្នុងសម័យសង្គម រាស្ត្រនិយម ក្នុងរជ្ជកាលព្រះបរមរតនកោដ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ៕
ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top