ព័ត៌មានជាតិ

Pi Pay និង​ Kookmin Bank ចុះ​ MOU ដើម្បីពង្រឹង ទំនាក់ទំនងហិរញ្ញវត្ថុ​ សម្រាប់កម្មវិធីទូទាត់ប្រាក់ មិនប្រើក្រដាសប្រាក់

ភ្នំពេញ៖​ ក្រុម​ហ៊ុន ផាយ ផេ (Pi Pay) បាន​ធ្វើ​ការ​សហ​ការ​ជា​មួយ​នឹង Kookmin Bank ដែល​ជា​​ធនា​គារកូរ៉េ​​ដំបូង​ គេ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​​សម្រាប់​​អ្នក​ប្រើប្រាស់​​កម្ម​វិធី​ទូ​ទាត់​មិន​ប្រើ​ក្រដាសប្រាក់​របស់​ Pi Pay និង​​ Liiv KB Cambodia របស់​ធនា​គារ KookMin​ ។

Pi Pay គឺ​ជា​កម្មវិធី​ទូ​ទាត់​​មិន​ប្រើ​ក្រដាស ​ប្រាក់​ឈាន​មុខ​គេ​របស់​កម្ពុជា ដោយផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់វិធីទូទាត់ ប្រាក់​ប្រកប​ដោយ​សុវត្ថិភាព និងភាពងាយស្រួលក្នុងការ​ទូ​ទាត់លើទំនិញ​ និង​សេវាកម្ម​​ផ្សេង​ៗ និង​ការ​ផ្ទេរ​​​ប្រាក់ទូ​ទាំង ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ​។

ធ​នា​​គារ របស់​កូរ៉េ​ខាង​ត្បូង Kookmin ដែល​បានចាប់​ផ្តើម​ដំណើរ​​អាជីវកម្ម​របស់ខ្លួន​នៅកម្ពុជា ក្នុងឆ្នាំ​២០០៩ និង​មាន​៦​សា​ខា មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង​ទៅ​លើ​ការ​ផ្តល់​សេវា​​កម្ម​ធ​នា​គារបែប​​​អាជីព និង​​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិ​ថិ​ជន​។

តាមរយៈ​ភាព​ជា​ដៃ​គូ​នេះ អ្នក​ប្រើ​ប្រាស់ ផាយ ផេ នឹង​​មាន​ជម្រើស​កាន់​តែ​ច្រើន​ក្នុងការ​បញ្ចូលទឹក​ប្រាក់​ចូល​ក្នុង​គណនី​ ផាយ ផេ របស់​ខ្លួន និង​រីក​រាយ​ជាមួយ​នឹង​ការ​ផ្ទេរ​ប្រាក់​ និង​សេវា​កម្ចី​ប្រាក់​​នានាបានយ៉ាងរហ័សទាន់ចិត្ត​។

ធនា​គារ Kookmin គឺ​ជា​ដៃគូ​សហ​ការ​ថ្មី​ចុងក្រោយ​គេ​បំផុត​ក្នុង​ការ​ចូល​រួមក្នុង​ក្រុម​គ្រួ​សារ​របស់ ផាយ ផេ ដែល​​មាន​ដៃគូ​ហិរញ្ញ​វត្ថុ​ជាច្រើនដូច​ជា ធនា​គារ ABA ធនាគារស្ថាប​នា ធនា​គារ​ឥណ្ឌូ​ឆៃ​ណា (RHB) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និង AMK ខណៈពេល​ដែលដៃ​គូ​​ទាំង​នេះ​ផ្តល់ជូន​នូវ​មធ្យោ​បាយ​ដ៏​រលូន​ក្នុង​ការ​ចំណាយ និង​សន្សំ​សំ​ចៃ​ជាមួយ​នឹង​ Pi Pay៕
ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top