ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវាយតម្លៃ ស្ថានភាព នៃអាងទឹកស្នេហ៍

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ព្រមទាំងសហការី បានចុះជាក់ស្តែង ដើម្បីពិនិត្យវាយតម្លៃ ស្ថានភាព នៃអាងទឹកស្នេហ៍ ស្ថិតក្នុងស្រុកបាភ្នំ ។

អាងទឹកស្នេហ៍ មានលទ្ធភាពអាចស្តុកទឹកបាន ចំនួន ៨៣លានម៉ែត្រគូប តែបច្ចុប្បន្ននៅសល់តែប្រមាណ ៦លានម៉ែត្រគូបតែប៉ុណ្ណោះ ។ មូលហេតុ ដោយបរិមាណទឹកកន្លងមក ត្រូវបានប្រើប្រាស់ ក្នុងការស្រោចស្រពដល់រដូវប្រាំងលើកទី១ លើផ្ទៃដីសរុប ៩៧៩៧ហិចតា ដោយបានទទួលផលរួចជាស្រេច ។ តែអ្វីដែលជាការព្រួយបារម្ភ ដែលតាមការប៉ាន់ប្រមាណនោះ គឺហានិភ័យនឹងកើតឡើង គឺអស់ទឹកទាំងស្រុង មូលហេតុដោយបងប្អូន ប្រជាពលរដ្ឋ លោកនៅបន្តធ្វើស្រែប្រាំងលើកទី២ បន្ថែមទៀតទោះបីជាមានការណែនាំ និងសារាចរណ៍ របស់រាជរដ្ឋាភិបាលយ៉ាងណាក្តី ។

ទន្ទឹមហ្នឹងនោះក្រសួង ក៏ដូចជាមន្ទីរបានបន្តអន្តរាគមន៍ បូមជួយសង្គ្រោះ ដោយប្រើប្រាស់ម៉ាស៊ីនចំនួន៥គ្រឿង រាប់ខែមកហើយ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំង លើកទី ២ ចំនួន ៤.៣៦៣ ហិចតា នៅក្នុងស្រុកបាភ្នំ ,ស្រុកស្វាយអន្ទរ,ស្រុកពាមរទ៍ និងស្រុកទីរួមខេត្ត ។ ដោយពិនិត្យនូវស្ថានភាពជាក់ស្តែងថា នឹងអាចខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ លោករដ្ឋមន្រ្តី បានសំរេចផ្តល់ជូននូវអណ្តូងចំនួន ១៨កន្លែង ដោយមួយភូមិផ្តល់ជូននូវអណ្តូង ២កន្លែង ។ ការងារនេះនឹងផ្តើមដំណើរ ការចាប់ពីថ្ងៃស្អែកទី១៦ តទៅ ។

តំណាងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បានគោរពសំដែងអំណរដ៏ជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ ជួយសម្រួលបញ្ហាប្រឈម ដែលពួកគាត់កំពុងជួបប្រទះ និងបានដោះស្រាយតម្រូវការ ទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ពួកគាត់បានទាន់ពេលវេលានាពេលនេះ ៕

Facebook Comments

To Top