ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ បុណ្យទន្លេមានសារៈសំខាន់ ក្នុងការបំផុសចលនាជាតិ ឲ្យចេះស្រលាញ់ទន្លេ បឹងបួរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពិធីបុណ្យទន្លេនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបំផុសចលនាជាតិ អោយចេះស្រលាញ់ទន្លេ បឹង បួរ ក្នុងន័យរួមគ្នាថែរក្សា អភិរក្ស និងការពារអោយបានគង់វង្ស ខណៈដែលភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍ តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន អះអាងបែបនេះ បានធ្វើឡើង ក្នុងឱកាស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។ ពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ តាមរបាយការណ៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងធំ គឺជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតី ចូលរួមក្នុងចលនា ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ ស្អាតអាស៊ាន»។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹង នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះថា ” បុណ្យទន្លេនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការបំផុសចលនា ជាតិអោយ ចេះស្រលាញ់ទន្លេ បឹង បួរ ក្នុងន័យរួមគ្នាថែរក្សា អភិរក្ស និងការពារអោយបានគង់វង្ស។ ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍ តាមដងទន្លេ បាននិងកំពុង រួមចំណែក ធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ ឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែក សម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍ លំដាប់ ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ ស្របពេលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍ សំខាន់មួយសម្រាប់ កម្ពុជាក៏ដូចជាតំបន់អាស៊ាន”។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីរីករាយក្រៃលែង ចំពោះការអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៥នេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្ថាប័នរដ្ឋ ឯកជន និងផ្នែកពាក់ព័ន្ធជាច្រើនទៀតដែល បានចូលរួមក្នុងដំណើរការ នៃការប្រារព្ធនៃពិធីបុណ្យទន្លេនេះ។

សម្តេចតេជោ បញ្ជាក់ថា “ព្រឹត្តិការណ៍បុណ្យទន្លេនេះ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍ តាមនាវា សហគមន៍ទេសចរណ៍ តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹត ចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេស ក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូ ក្នុងក្របខណ្ឌតំបន់នានាដូចជា ក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ដប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួមគ្នាថែរក្សាបរិស្ថាន ជាពិសេសតាមដងទន្លេ បឹង បួរ តាមរយៈការ មិនចោលសំរាម ក្នុងទន្លេ បឹង បួរ និងរួមគ្នាធ្វើអនាម័យអោយបានល្អ។

បន្ថែមលើសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ចំនួន៥ ចំនុចដូចខាងក្រោម៖ ១)ត្រូវចូលរួមការពារសន្តិភាពអោយខានតែបាន ដើម្បីកុំអោយទន្លេ យើងក្លាយទៅជាទន្លេដែងរងគ្រោះ ដោយសារតែសង្គ្រាមដូចពីអតីតកាល។ សូមប្រជាពលរដ្ឋត្រូវមើលអោយឃើញពីតម្លៃសន្តិភាព ជាពិសេសតម្លៃនៃការដាក់ចេញ នូវនយោបាយ ឈ្នះ-ឈ្នះ។ ២)ត្រូវខិតខំរកប្រភពទុនមកទប់ទល់ការបាក់ច្រាំងទន្លេ ដោយប្រការណាមួយ ទប់ស្កាត់ការការពារ ធនធានទន្លេ ដូចជាការពារការបូបខ្សាច់ បែបអាណាធិបតេយ្យ ការរក្សាធនធានព្រៃឈើ និងធនធានត្រីក្នុងទន្លេ។ ៣)ត្រូវខិតអភិវឌ្ឍវិស័យទេសចរណ៍ អោយបានច្រើនបន្ថែមទៀតនៅតាមដងទន្លេរបស់យើង ដូចជាការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតផលិតផលទេសចរណ៍ តាមដងទន្លេ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ៤)ត្រូវចេះរៀចចំទេសចរណ៍ នៅនឹងកន្លែង តាមរយៈការបង្កើតកន្លែងទេសចរណ៍ ដោយមិនចាំបាច់សម្រាប់តែ បំរើភ្ញៀវទេសចរណ៍ បរទេសប៉ុណ្ណោះទេ តែក៏សំរាប់បំរើភ្ញៀវជាតិខ្លួនឯងផងដែរ ដូចជា ភោជនីដ្ឋាន ដែលមានការទាក់ទាញ បំផុតពីភ្ញៀវជាដើម។ ៥ )ត្រូវរៀចចំប្រព័ន្ធការតភ្ជាប់តាមដងទន្លេ ដូចជាការធ្វើផ្លូវ និងស្ពានជាដើម ដើម្បីបង្កការងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីកន្លែងមួយ ទៅកន្លែងមួយ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ ទៅទាំងប្រទេស ជាពិសេសក្នុងឱកាសឆ្នាំថ្មី ខាងមុខនេះ សូមជួបតែសេចក្តីសុខ សេចក្តីសម្រើនគ្រប់គ្នា។បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងចាប់ពីពេលនេះទៅ៕

Facebook Comments

To Top