អន្តរជាតិ

ទូតកូរ៉េខាងជើង បោះសម្តីថា អាមេរិកបោះបង់ ឱកាសមាស

បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន អាចកាត់ផ្តាច់កិច្ចពិភាក្សា គ្មានអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងចាប់ផ្តើមបន្តការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរឡើងវិញ។ ជាមួយគ្នានោះដែរ អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើងលោកស្រី Choe Sun-hui បានប្រាប់អ្នកការទូតបរទេសថា សហរដ្ឋអាមេរិកបានបោះចោលឱកាសមាស នៅឯជំនួបកំពូលថ្មីមួយរវាងលោកប្រធានាធិបតី ត្រាំ និងលោកប្រធានគីម។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា កូរ៉េខាងជើងត្រូវបានគេស្នើឱ្យរុះរើរោងចក្រនុយក្លេអ៊ែរ Yongbyon ដ៏សំខាន់របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ការចរចាបានបរាជ័យទៅវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបដិសេធមិនដកទណ្ឌកម្ម លើកលែងតែកូរ៉េខាងជើងខ្លួនឯង បំផ្លាញតំបន់នុយក្លេអ៊ែរទាំងអស់។

លោកស្រី Choe បាននិយាយនៅក្រុងព្យុងយ៉ាងថា លោកគីមគ្រោងនឹងធ្វើសេចក្តីប្រកាស ជាផ្លូវការស្តីពីជំហររបស់លោកទាក់ទងនឹងកិច្ចចរចា នាពេលអនាគតជាមួយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់ប្រទេសរុស្ស៊ីបានរាយការណ៍ដោយស្រង់សម្តី ទូតកូរ៉េខាងជើងរូបនេះថា «យើងមិនមានបំណងដើម្បី ឆ្លើយតបទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកនៅក្នុងទំរង់ ណាមួយឡើយហើយយើងក៏មិនចង់ចូលរួមនៅក្នុង ការចរចារបែបនេះដែរ»។

លោកស្រីក៏បានចោទប្រកាន់ អាមេរិកថាបានប្រកាន់ជំហរដូចជា “ជនអន្ធពាល” នេះបើយោងតាមសារព័ត៌មាន Associated Press ប៉ុន្តែបានបន្ថែមថា “ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំ កំពូលទាំងពីរនៅតែល្អ៕

រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top