នយោបាយ

​កម្ពុជា និង​សិង្ហ​បុរី សម្រេច​បាននូវ​សមិទ្ធ​ផល ​ជា​គួរ​ជា​ទី​មោទនៈ ក្រោយ​ពី​ការ​បញ្ចប់​​​កម្ម​វិធី ​​អភិវឌ្ឍ​ជំនាញ ​​​ផ្នែក​ព្យា​បាល ​ដោយ​ចល​នា ​ថ្នាក់​បរិ​​ញ្ញា​បត្រ​​ ​​យ៉ាង​ជោគ​ជ័យ​

ភ្នំ​ពេញ៖​ កម្ម​វិធី​​អភិវឌ្ឍ​ជំនាញ ​លើ​ការ​ព្យា​បាល​​ដោយ​ចល​នា កម្រិត​​បរិ​ញ្ញា​បត្រ​​រយៈ​ពេល​៥​ឆ្នាំ ដែល​​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​រវាង​អង្គ​ការ​អន្តរ​ជាតិ​សិង្ហ​បុរី (SIF) ក្នុង​ភាព​ជា​ដៃគូ​ជា​មួយ​នឹង​សា​លា​បច្ចេក​​ទេស​ថែ​​ទាំ​​វេជ្ជ​សាស្ត្រ-សា​កល​វិទ្យា​ល័យ​​វិទ្យាសាស្ត្រ​សុខា​ភិបាល ហៅ​កាត់​ថា TSMC-UHS និង​សេវា​​សុខា​ភិបាល​សិង្ហបុរី (SingHealth) ត្រូវ​បានបំពេញ​យ៉ាង​ជោគ​ជ័យ​​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ​​​​ជំនាញ​ព្យា​បាល​ ដោយ​ចល​នា​របស់​កម្ពុជា​ចំនួន​៨០នាក់ ដែល​ត្រូវ​បាន​បណ្តុះ​​បណ្តាល​​ ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​​ជំ​ងឺ​​ចំនួន​ ៨ម៉ឺន​នាក់​​ជា​ប្រចាំ​​ឆ្នាំ​ប្រកបដោយ​​និរន្ត​រ​ភាព​ ។

សមិទ្ធ​ផល​ដ៏​សំខាន់​​មួយ​ទៀត ​គឺ​ការ​បង្កើត​រច​នា​សម្ព័ន្ធ​ នៃ​ការ​​អប់​រំ​មួយ​សម្រាប់​​​ការ​អភិវឌ្ឍ​​ឯក​ទេស ​របស់ក្រុម​គ្រូ​ពេទ្យ​ថែ​ទាំ​វេជ្ជ​សាស្ត្រ​​​​កម្ពុជា តាមរយៈ​​កម្ម​វិធី​​​ដំឡើងកម្រិត​ជំនាញ​មួយ​សម្រាប់​​អ្នក​មាន​​សញ្ញា​បត្រ​កម្រិត​មធ្យម​ ដើម្បី​​បង្កើន​កម្រិត ​នៃ​ការ​អប់​រំ​របស់​ខ្លួន​ទៅ​កាន់​កម្រិត​បរិញ្ញា​បត្រ ​។ កម្មវិធី​​ដំឡើង​កម្រិត​អប់​រំ​នេះ មាន​​មុខ​វិជ្ជ​សរុប​ចំនួន​​៨ ​រួម​មាន Musculoskeletal (សាច់​ដុំ និង​គ្រោង​​ឆ្អឹង), Cardiopulmonary (បេះ​ដូង និង​សួត), Neurology និង Geriatric (ប្រព័ន្ធ​សរសៃ​ប្រសាទ, ខួរក្បាល និង​ជរា​ភាព), Paediatrics និង Women’s Health, Community-Based Rehabilitation (ជំ​ងឺ​កុមារ និង​ការ​ស្តារ​នីត​សម្បទា និង​សុខ​ភាព​ស្ត្រី), Wheelchair Prescription (វេជ្ជ​បញ្ជា​រទេះ​រុញ), Research Thesis (និក្ខេបទ​​ស្រាវ​ជ្រាវ​ឡើង​វិញ និង​ Evidence-Based Practice & Health Promotion (ការ​អនុ​វត្ត​ផ្អែក​លើ​​ភស្តុ​តាង និង​ការ​ផ្សព្វ​ផ្សាយ​​ស្តី​ពី​សុខ​ភាព​)​។ កម្ម​វិធី​​សិក្សា​នេះ​ត្រូវ​បាន​អនុ​ម័ត​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់​រំ យុវ​ជន​ និង​កីឡា របស់​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ និង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​យ៉ាង​ជោគ​ជ័យ​​កាលពី​ខែមករា ឆ្នាំ​២០១៧​ ។

ការ​ផ្តល់​ថ្នាក់​​សិក្សា​ច្រើន​ជាង​១៣២០ម៉ោង​ (ទាំង​ទ្រីស្ត្រី និង​ការ​​អនុ​វត្តក្នុង​ថ្នាក់ផ្ទាល់) និង​ការ​​ចុះ​ស្តា​​នៅ​តាម​មន្ទីរ​ពទ្យ និង​ឃ្លីនិក​​ថែ​ទាំ​កាយ​នីតិ​សម្ប​ទា​​ច្រើន​ជាង​១៥កន្លែង នៅ​កម្ពុជា បាន​ជួយ​ឲ្យ​សិក្ខាកាម​ពេទ្យ​ទាំង​នោះ​​ ទទួល​បាន​នូវ​​​ឯក​ទេស​ និង​ចំណេះ​ដឹង​​ឃ្លីនិក​សម័យ​​ទំនើប​​។ សិក្ខា​កាម​ពេទ្យ​ជំនាន់​ទី​១​ចំនួន​១៣​នាក់ ដែល​មាន​​សញ្ញា​បត្រ​កម្រិត​មធ្យម​ទៅលើ​​​ផ្នែក​ថែ​ទាំ​​វេជ្ជ​សាស្ត្រ​កាលពីមុន បាន​បំពេញ​វគ្គ​សិក្សា​នេះ​យ៉ាង​ជោគ​​ជ័យ ហើយ​​មាន​សញ្ញា​បត្រ​កម្រិត​​បរិញ្ញា​បត្រ​លើ​ជំនាញ​ព្យា​​បាល​ដោយ​ចល​នា​។ និស្សិត​ពេទ្យ​​ទាំង​នោះ ត្រូវ​បាន​​បង្រៀន​ដោយ​​​​​សាស្ត្រា​ចារ្យ​​១​ក្រុម​​​របស់​អង្គ​ការស្ម័គ្រ​ចិត្ត​អន្តរ​ជាតិ​សិង្ហ​បុរី (SIVs) និង​​គ្រូបង្រៀន​​​កម្ពុជា​ចំនួន១២​នាក់ ដែលធ្លាប់​​​ទទួល​បានការ​បណ្តុះ​បណ្តាល​កាលពីមុន​ពី​​អង្គ​ការ SIVs និង​បាន​អភិវឌ្ឍ​​រួម​គ្នា​លើ​កម្មវិធី​នេះ​ផងដែរ​។

លោក​ស្រី​សាស្រ្តា​ចារ្យ Celia Tan នាយក​ប្រតិ​បត្តិ​របស់​សេវា​​សុខាភិបាលសិង្ហបុរី SingHealth បាន​និយាយ​ថា៖ «SingHealth ពិត​ជា​ទទួល​បាននូវ​សិទ្ធិ​ពិសេស​ក្នុង​ការ​សហ​ការ​​ជាមួយ​នឹង​​ដៃ​គូ​កម្ពុជា​របស់​យើង​គឺ​ សាកល​វិទ្យា​ល័យ​​វិជ្ជា​សាស្ត្រ​សុខាភិបាល ទៅលើ​គម្រោង​នេះ​។ ការ​​​បង្កើត​​ប្រព័ន្ធ​អភិវឌ្ឍ​អេ​កូ​ឡូ​ស៊ី​លក្ខខណៈ​អាជីពសម្រាប់​កម្ពុជា ក្រោម​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ស្ថា​ប័ន​សុខា​ភិបាល​អាជីព​ជាច្រើន បាន​ក្លាយ​ជា​ក្តីសុបិន​ជា​យូរ​មកហើយ​សម្រាប់​ទាំង​គ្រូ​បង្រៀន​កម្ពុជា និង​សិង្ហ​បុរី ដែល​បាន​ធ្វើ​​ការ​លើ​គម្រោង​នេះ​។ កម្ម​វិធី​នេះ ​មាន​ដំណើរ​ការ​យ៉ាង​​​ពេញ​លេញ​មួយ ប្រសិន​បើ​យើង​មើល​ទៅ​លើ​ចម្ងាយ​​ផ្លូវ​ដ៏ឆ្ងាយ​ដែល​យើង​បាន​ដើរ​រួម​គ្នា​»​។

លោក​សាផុន វឌ្ឍនៈ សាកលវិទ្យា​ធិការនៃ​សាកល​វិទ្យា​សា​សាស្ត្រ​សុខា​ភិបាល បាន​ឲ្យ​ដឹង​ថា៖ «ជា​មួយ​នឹង​ចំណេះ​​បន្ថែមនេះ ​អង្គការ SIVs បានបញ្ចូល​ក្នុង​មុខ​វិជ្ជា​ដែលមាន​ស្រាប់​របស់​យើង តាមរយៈ​​បង្ហាត់​បង្ហាញ​​ចំណុចសំខាន់​នៃ​​​​ការ​អនុ​វត្ត​ព្យា​បាល​​ដោយ​ចល​នា ដែល​មិនមាន​នៅ​​ក្នុង​កម្មវិធី​​ថ្នាក់​សិក្សា​កម្រិត​​​មធ្យម​។ បច្ចុប្បន្ន យើង​​បាន​បង្កើត​ប្រព័ន្ធ​អប់​រំ​មួយ​​សម្រាប់​ការ​អភិវឌ្ឍ​ក្រុម​​និស្សិត​ពេទ្យ​វេជ្ជ​សាស្ត្រ​របស់​យើង​ក្នុង​ប្រទេស​នេះ​។

នេះគឺ​ជា​​ការលើក​ទឹក​ចិត្ត​មួយ​សម្រាប់​ពួក​គេ​ក្នុង​ការ​​រក្សា​​ស្ថិត​ក្នុង​វិស័យ​សុខា​ភិបាល​នេះ រក្សា​ការ​សិក្សា​បន្ថែម និង​បន្ត​​ផ្ទេរ​ចំណេះ​ដឹង​ទៅ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​។ ការ​បំពេញ​​​​យ៉ាង​​ជោគ​ជ័យ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​​ផ​ងដែរ​ចំពោះ​​ផែន​ការ​នា​នា​របស់​យើង​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​​ណែនាំផ្លូវ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​​ឆ្ពោះ​ទៅ​​ការ​យក​កម្រិត​ថ្នាក់​​បរិ​ញ្ញា​បត្រ​លើ​ជំនាញព្យា​បាល​ដោយ​ចល​នា សម្រាប់​សិស្ស​​ដែល​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ ដើម្បី​អភិវឌ្ឍ​ជំនាញ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​នៅ​ប្រទេស​កម្ពុជា»​។

អ្នក​ស្រី Jean Tan នាយក​ប្រតិ​បត្តិ​របស់​អង្គ​ការ SIG បាន​​ឲ្យ​ដឹង​ថា៖ «កម្ម​វិធី​​អភិវឌ្ឍ​​​ជំនាញព្យា​បាល​ដោយ​ចលនា​ថ្នាក់​បរិ​ញ្ញា​ គឺ​ជា​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​ក្នុង​ចំណោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​ច្រើន​រវាង​​សិង្ហ​បុរី និង​កម្ពុជា ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំកន្លង​មក​នេះ ដើម្បី​​ជួយ​លើក​កម្ពស់​កម្រិត​ស្តង់​ដារ​នៃ​សេវា​ថែ​ទាំ​វេជ្ជ​សាស្ត្រ​នៅ​កម្ពុជា​។ កិច្ច​សហ​ប្រតិ​បត្តិការ​ផ្សេង​ទៀត​​​ក៏​រាប់​បញ្ចូល​ទាំង​ គម្រោង​គ្រប់​គ្រង និង​ថែ​ទាំវេជ្ជ​សាស្ត្រ​​ក្នុង​គ្រា​អាសន្ន (ឆ្នាំ​២០១៦-២០១៨) និង​កម្មវិធី​នីតិ​សម្បទា និង​​ការ​កែ​សម្រួលឆ្អឹង​ (ឆ្នាំ​២០១១-២០១៥)​។ យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​បោះ​ជំហាន​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ក្នុង​ចំណង​មិត្ត​ភាព​រយៈ​ពេល​១៧ឆ្នាំ​រវាង​អង្គ​ការ SIF និងប្រទេស​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​​ជីវិត និង​​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជា​​ជន​របស់​យើង​»​៕
ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top