អន្តរជាតិ

ហ្វីលីពីនប្រាប់សាធារណជន ឲ្យប្រើទឹកសន្សំសំចៃ និងកុំភ័យស្លន់ស្លោរ

ម៉ានីល៖ មន្ទីរពេទ្យនានា បានកាត់បន្ថយ នូវសេវាសំខាន់ៗមួយចំនួន ចំណែកកន្លែងលាង សម្អាតរថយន្ត បានផ្អាកប្រតិបត្តិការ ហើយទីក្រុងទាំងអស់ ត្រូវបានព្រមានអំពីការផ្គត់ផ្គង់ទឹកតិចតួច ឬគ្មានតែម្តង។ ប៉ុន្តែទោះបីជាបញ្ហាទឹក កាន់តែអាក្រក់ទៅៗក៏ដោយ ក៏រដ្ឋាភិបាលហ្វីលីពីន បានធានាដល់សាធារណជនថា នឹងមានទឹកគ្រប់គ្រាន់នៅទីក្រុង Manila ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បាននិយាយថា កម្រិតទឹកនៅក្នុងទំនប់ ឡាមេសា នៅតែបន្តស្ថិតក្រោមកម្រិតធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បានផ្តល់ការធានាថា វិធានការនានានឹងត្រូវបានធ្វើឡើង ដើម្បីធានាការផ្គត់ផ្គង់ ទឹកគ្រប់គ្រាន់សម្រាប់ទាំងអស់គ្នា។

នាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Ricardo Jalad បាននិយាយថា អ្នកតំណាងមកពី នាយកដ្ឋានធនធានធម្មជាតិ និងធនធានធម្មជាតិ – ក្រុមប្រឹក្សាធនធានទឹកជាតិ (DENR-NWRB) និងមកពីទំនប់ Angat បានជួបប្រជុំគ្នាកាលពីម្សិលមិញ ក្នុងអំឡុងពេលដែលកិច្ចប្រជុំនេះ ត្រូវបានគេបង្ហាញថា ទំនប់នៅ ប៊ូឡាកាន នៅតែស្ថិតក្នុងដំណើរការធម្មតារបស់ខ្លួន នៃកម្រិត ១៩៩.៩៤ ម៉ែត្រ បើប្រៀបធៀប ទៅនឹងកម្រិតប្រតិបត្តិការ អប្បបរមានៅ ១៨០ម៉ែត្រ។

ទំនប់ Angat គឺជាប្រភពទឹកសំខាន់បំផុត សម្រាប់ទីក្រុងម៉ានីល។ លោក Jalad បានថ្លែងថា «នេះបង្ហាញថាទំនប់ Angat អាចបំពេញតម្រូវការទឹក របស់ក្រុងម៉ានីលឱ្យបានគ្រប់គ្រាន់»។

ដូច្នេះហេតុអ្វីបានជាតំបន់ធំ ៗ នៅ Metro Manila រងការខ្វះទឹកប្រើប្រាស់ទៀតនោះ។ ប្រព័ន្ធលូ និងបណ្តាញចែកចាយទឹកក្រុង បានពន្យល់ថា ការថយចុះកម្រិតកម្ពស់ទឹកនៅទំនប់ ឡាមេសា គឺបណ្តាលមកពីការកើនឡើង នៃការផលិតទឹក នៅក្នុងទីក្រុង ម៉ានីល៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top