ព័ត៌មានជាតិ

សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ! ចោរបាញ់ចំក្បាល តែមិនស្លាប់ បានមួកការពារជួយ

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យ​ហៅម៉ូតូឌុប ជិះមកបាញ់ប្លន់​ចំក្បាល១គ្រាប់ និងកដៃចំនួន១គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចោទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះខាងលើមាន ឈ្មោះសុខជា អាយុ​២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារត្រពាំងថ្លឹង។

​តាមសម្តីជនរងគ្រោះខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអង្គុយលើ​ម៉ូតូ កំពុងរង់ចាំម៉ូយនៅ មុខផ្សារឯករាជ្យ៣ ស្រាប់តែមានបុរសម្នាក់ ​ហៅម៉ូតូជិះទៅម្តុំលក់ទឹកត្នោតជូរ​ ខាងក្រោយ រោងចក្រកាណាឌីយ៉ា ក្នុងតំលៃ៤០០០រៀល។ លុះមកដល់កន្លែងស្ងាត់ ជនសង្ស័យបានចុះពីលើម៉ូតូ ដកកាំភ្លើងបាញ់ សំដៅមកលើជនរងគ្រោះ ចំនួន៤គ្រាប់ ដោយជនរងគ្រោះស្តាយម៉ូតូរបស់ខ្លួន ​ទើបសម្រេចចិត្តវាយប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ ផ្អើលដល់ក្រុមជាងសំណង់ ចេញមកជួយ ខណៈដែលជនសង្ស័យឃើញដូច្នេះ ក៏បានរត់បន្សល់ទុកនៅអាវុធខ្លី ម៉ាករ៉ូលឡូមួយដើម ​នៅ​កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកប្រមូលយកកាំភ្លើង និងគ្រាប់ ដែលជាវត្ថុតាង និងដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

Facebook Comments

To Top