ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលសា្វគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍​ ទី១៤ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកជំទាវ ដែលទើបនឹងអញ្ជើញ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចមិញនេះ ហើយសម្តេចទាំងទ្វេក៏បានរៀបចំ ពិធីទទួលទានអាហារពេលល្ងាច ជូនលោកប្រធាណាធិបតី និងលោកជំទាវ ជាលក្ខណៈគ្រួសារ នៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោតេជោ បញ្ចាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកជំទាវ ត្រូវបានធ្វើឡើងតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកជំទាវ នឹងអញ្ជើញទៅកាន់ ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញ ទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមាន ឯករាជ្យ វិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ បន្ទាប់មកនៅវេលាម៉ោង១១ ថ្ងៃត្រង់ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញជួបចរចា ទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕

Facebook Comments

To Top