នយោបាយ

លោកទូតអឺរ៉ុបចប់អាណត្តិ សន្យាផ្ញើសារ វិជ្ជមានពីកម្ពុជា ទៅកាន់ដៃគូនានា ក្នុងពិភពលោក

ភ្នំពេញ៖ ដើម្បីឆ្លុះបញ្ចាំងពីការពិតនូវការខិតខំ អនុវត្តល្អ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងារនៅកម្ពុជា លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែលជិតផុតអាណត្តិ បានសន្យាថា នឹងផ្ញើសារវិជ្ជមានពីកម្ពុជាពិត ទៅកាន់ដៃគូនានា ក្នុងពិភពលោក ដើម្បីឲ្យដឹងច្បាស់ពីកម្ពុជា។ នេះបើយោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងការងារ។

ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក George Edgar បានសន្យាថា នឹងផ្ញើសារដ៏វិជ្ជមាន ទៅដៃគូនានា ដើម្បីឲ្យឆ្លុះបញ្ចាំងពីការពិតនូវការ ខិតខំអនុវត្តល្អ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិការងារ ព្រោះថា ដៃគូជាច្រើន នៅតែសំដែងការពេញចិត្តរបស់ពួកគេ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាបន្តបញ្ជាទិញ ប្រភពទំនិញពីកម្ពុជា ។

ជាមួយគ្នានេះដែរ លោកទូត ក៏បានសម្ដែងនូវការ រីករាយដែលឃើញកម្ពុជា​ បានចូលរួមអនុវត្ត នូវលក្ខខណ្ឌការងារ សិទ្ធិការងារបានយ៉ាងល្អ ដែលជាកត្តាស្នូល ដល់ការបញ្ជាទិញពីសហភាពអឺរ៉ុប ដោយសារអ្នកបញ្ជាទិញ ផ្តោតទៅលើលក្ខខណ្ឌការងារ និងសិទ្ធិការងាររបស់ កម្មករនិយោជិតកម្ពុជា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែងនូវការអបអរសាទរ ចំពោះភាពរីកចម្រើន និងលទ្ធផលដ៏ល្អប្រសើរបែបនេះ។ វឌ្ឍនភាព និងកិច្ចសហប្រត្តិបត្តិការ ជាមួយសហភាពអឺរ៉ុបកន្លងមក ទទួលបាននូវលទ្ធផលជាផ្លែផ្កា និងជោគជ័យធំធេង។

ជាការឆ្លើយតបលោក អ៊ិត សំហេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះអ្វីដែលជាការចូលរួម ចំណែករបស់សហភាពអឺរ៉ុប ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក ។ លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដែលរួមដោះស្រាយ នូវការងារជាច្រើន ជាពិសេសលើវិស័យការងារ ដែលពាក់ព័ន្ធដល់ការធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និងសិទ្ធិការងារផងដែរ។

ជាមួយគ្នានោះផងដែរលោកទូតសថា កម្ពុជាបានអនុវត្តយ៉ាងល្អប្រសើរ ទៅតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស ខិតខំឆ្លើយតបបានពេញលេញ ទៅតាមអនុសាសន៍របស់ អង្គការអន្តរជាតិខាងការងារ និងបេសកកម្មស្វែងរកការពិត របស់សហភាពអឺរ៉ុប មកកាន់កម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨ ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top