ព័ត៌មានជាតិ

មន្ទីរពេទ្យឯកជន ប្តេជ្ញាចូលរួមលើកកម្ពស់ វិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ មន្ទីរពេទ្យឯកជនចំនួន៣ បានប្តេជ្ញាចូលរួមលើកកម្ពស់ វិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែប្រសើរឡើង តាមគោលនយោបាយជាតិ លើកកម្ពស់សុខុមាលភាព ។

ក្នុងសន្និសារព័ត៌មាន ស្ដីពី ការបើកដាក់ឲ្យដំណើរ ការមន្ទីរសម្រាកព្យាបាល អ៊ិន ដ្រា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត យី គក់ ប្រធានគ្លីនិក យីគក់ បានលើកឡើងថា ការសហការគ្នារវាងគ្លីនិក យីគក់ មកពីខេត្ដបាត់ដំបង និងគ្លីនិក សេតេ មកពីខេត្ដព្រះសីហនុ និងលោកវេជ្ជបណ្ឌិតឯកទេស ចាន់ ប៊ុនថា ក្នុងគោលបំណងបើកមន្ទីរ សម្រាកព្យាបាលអ៊ិនដ្រា នេះដោយមើលឃើញពីកក្តាធនធានមនុស្ស ដែលមានស្រាប់រវាងគ្លីនិកទាំង២ និងមានឧបករណ៍បរិក្ខារពេទ្យទំនើបៗស្រាប់ រួមជាមួយវេជ្ជបណ្ឌិតជំនាញៗ ដែលឆ្លើយតបទៅនឹង ការវិវត្ដន៍រីកចម្រើន ផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

លោកបញ្ជាក់ថា “ទាំងនេះ គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ដែលបាននាំមកនូវកក្តាសុខសន្ដិភាព និងស្ថិរភាពដែលជាគុណប្រយោជន៍មិនអាចកាត់ថ្លៃ បានសម្រាប់ប្រជាជនកម្ពុជា” ។

លោកបន្តថា ការបើកមន្ទីរពេទ្យសម្រាកព្យាបាលនេះ ក្រុមគ្រូពេទ្យនឹងខិតខំពង្រឹងគុណភាព ផ្ដល់សេវាកម្ម ក៏ដូចជាជំនាញផ្នែកវេជ្ជសាស្រ្ដនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងការផ្ដល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេស។

ចំណែកលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ប្រធានគ្លីនិក សេតេ បានថ្លែងថា ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ និងមើលឃើញពីភាពរីកចម្រើននៃវិស័យសុខាភិបាល ទើបចូលរួមពង្រឹង និងពង្រីកវិស័យមួយនេះឲ្យកាន់តែទូលំទូលាយ និងជឿនលឿនដូចប្រទេសជិតខាង។

លោកបន្ថែមថា កក្តាសុខសន្ដិភាព និងស្ថិរភាពនេះហើយដែលធ្វើឲ្យកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយមានការកើនឡើងជារៀងររាល់ឆ្នាំ ក្នុងអត្រារង្វង់៧ ភាគរយ ។

លោកបញ្ជាក់ “ត្រង់ចំណុចនេះ ខ្ញុំចង់លើកឡើងថា ការចូលរួមវិនិយោគរបស់វិស័យឯកជន កំពុងតែមានការកើនឡើង ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសវិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋ និងធ្វើការប្រកួតប្រជែង ដើម្បីឲ្យមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្ដា ប្រទេសក្នុងតំបន់” ៕
ដោយ ស សំណាង

Facebook Comments

To Top