ព័ត៌មានជាតិ

មនុស្ស ៣ម៉ឺន​នាក់ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ Pi Pay Day ២០១៩ ទទួល​​ជោគ​ជ័យ​​ទូ​ទាំង​កម្ពុជា ខណៈ​​ប្រាក់រង្វាន់​​ជាង ​៣ម៉ឺនដុល្លារ ​ត្រូវ​បាន​ផ្តល់​ឲ្យ

ភ្នំ​ពេញ៖ ផ្សារ​ទំនើប​អ៊ី​អនម៉លសាខាភ្នំ​ពេញ សាខាសែន​សុខ និង​​ផ្សារទំនើប The Heritage Walk នៅ​ក្នុង​ខេត្ត​សៀម​រាប សុទ្ធ​សឹង​ជា​កន្លែង ​ផ្តល់នូវ​ការ​ចាប់​អារម្មណ៍​​​ យ៉ាង​ខ្លាំង​កាលពីថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​​អ្នក​ប្រើប្រាស់​កម្មវិធី Pi Pay (ផាយ ផេ) រហូត​ដល់​ទៅ​​​​៣​​ម៉ឺនាក់​ បាន​ចូល​រួម​​អប​អរព្រឹត្តិការណ៍ Pi Pay Day ដោយ​បាន​ចំណាយប្រាក់​ច្រើន​ជាង ​៣លាន​ដុល្លារ​អាមេរិក ទៅលើ​ទំនិញ និងអាហារផ្សេង​ៗជាច្រើនដូចជា ​ស្បែក​ជើង កាហ្វេ ​គ្រឿង​អេឡិច​ត្រូនិក និង​ភី​ហ្សា​។ អ្នក​មាន​សំណាង​ម្នាក់ ក៏​ត្រូវ​បានប្រកាស​ថា ​ជា​អ្នក​​​ឈ្នះ​ប្រាក់រង្វាន់​ ៣១៤០០​ដុល្លារ​អាមេរិក ក្រោយ​ពី​បាន​ចូល​រួម​​ក្នុងកម្មវិធី​ រាប់​ថយ​ក្រោយ​របស់ព្រឹត្តិការណ៍ ផាយ ផេ​។

Pi Pay Day គឺ​ជា​ការ​អប​អរ​​ប្រចាំ​ឆ្នាំ​របស់​ Pi Pay និង​បដិ​វត្តន៍​ទូ​ទាត់​​មិន​ប្រើ ក្រដាស​ប្រាក់​របស់​ក្រុម​ហ៊ុន​នេះ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ​ទី​១ កាលពីឆ្នាំ​២០១៨ ទទួល​បាន​កំណើន​​ច្រើន​ជាង​ ២០០០​% ​ទៅ​លើ​ការ​ទូ​ទាត់​តាមរយៈ ផាយ​ ផេ នៅ​ផ្សារទំនើប ​អ៊ី​អន​ម៉លសាខាភ្នំ​ពេញ ស្រប​ពេល​អ្នក​ដើរ​​ផ្សារ​ជាច្រើន​ បាន​ប្រជែង​គ្នា​​ដើម្បី​រីក​រាយ​ នឹង​ការ​បញ្ចុះ​តម្លៃ​​លើ​​ទំនិញ​ជាទូទៅ និង​ការ​ផ្តល់​​ជូន​តម្លៃ ​យ៉ាង​ពិសេស​ជាច្រើន​។

លោក ​ថូម៉ាស ផូកូនី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន ផាយ​ ផេ បាន​ពន្យល់​ថា នៅ​ថ្ងៃ​នេះ ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ពង្រីកទៅ​កាន់​ទី​តាំង​៣ ដើម្បី​ឈាន​ទៅ​ដល់​​ពល​រដ្ឋ​កាន់​តែ​ច្រើន ដោយ​មានការ​បញ្ចុះ​តម្លៃ​ដល់​ទៅ​ ៣១,៤​% ចំពោះ​ពាណិជ្ជ​ករ​របស់ ផាយ ផេ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ និង​បង្ហាញ​ឲ្យ​ឃើញ​ បន្ថែម​ទៀត​ពីទី​​តាំង​របស់ ផាយ ផេ ក្នុង​នាម​ជា​​កម្មវិធី​ផ្តល់​ការ​ទូ​ទាត់​​​មិនប្រើ​ក្រដាស់​ប្រាក់​ឈាន​មុខគេ​របស់​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ព្រឹត្តិការណ៍ Pi Pay Day កាលពីឆ្នាំមុន ទទួល​បានជោគ​ជ័យ​​ ដ៏​​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក្រោយ​​ពីការ​រីក​ចម្រើន និង​ការ​ពង្រីក​ខ្លួន​រយៈ​ពេល​ ១​ឆ្នាំពេញ ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ដែល Pi Pay Day ក្នុងឆ្នាំ​២០១៩ បានទទួលចំណាប់អារម្មណ៍ យ៉ាង​ខ្លាំង​​ពី​អ្នក​ប្រើប្រាស់ និង​ពា​ណិជ្ជ​ករជាច្រើន​»​។

លោក​ផូកូនី បាន​បន្ថែម​ទៀត​ថា​៖ «ស្រប​ពេល​ដែល​យើង​ បានបន្ត​បង្ហាញ​ពី​សុវត្ថិ​ភាព និង​អត្ថ​ប្រយោជន៍​នៃ​ ការ​ទូ​ទាត់​​មិនប្រើក្រដាស​ប្រាក់​ នៅក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប ខេត្ត​ព្រះ​សីហ​នុ និង​កន្លែងជាច្រើន​​បន្ថែម​ទៀត​​ ទូទាំង​ប្រទេស​កម្ពុជា ផាយ ផេ កំពុង​តែ​​គាំទ្រ​ដល់​បដិ​វត្តន៍ ​ផ្នែក​​ឌី​ជី​ថល​របស់​​ ព្រះ​រាជា​​ណាចក្រ​​កម្ពុជា និង​​ផ្តល់​ជូន​មធ្យោ​បាយ​ថ្មី ​មួយ​សម្រាប់​​ពលរដ្ឋ​​រាប់​ម៉ឺននាក់​ក្នុងការ​ចំណាយ សន្សំ និង​ផ្ទេរ​ប្រាក់​»​។

ក្រោយពី​​បាន​ពង្រីក​បណ្តាញ របស់ខ្លួន​ទៅកាន់​ខេត្ត​សៀម​រាប និង​ព្រះសីហ​នុ កាលពីឆ្នាំមុន ក្រុមហ៊ុន ផាយ​ ផេ បាន​ផ្តល់ការ​គាំទ្រ​ការ​ទូ​ទាត់​មិន​ប្រើក្រដាស​ប្រាក់ ​ឥត​ឈប់​ឈរ​សម្រាប់​ពាណិជ្ជ​ករទូទាំងខេត្តក្រុង​សំខាន់​ៗ​ទាំង​នេះ ​និង​សម្រាប់​​ភ្ញៀវ​ទេស​ចរ ក៏ដូច​ជា​ដៃ​​គូ​ទូ​ទាត់ប្រាក់​ដែល​​ត្រូវ​ បាន​ទទួលស្គាល់ជាផ្លូវការដូច​ជា AliPay និង WeChat​។ ភ្ញៀវ​បរទេស​ជាច្រើន ជាពិសេស​មក​ពី​ប្រទេស​ចិន ឥទ្បូវ​នេះអាច​រីក​រាយ​នឹង ​អត្ថ​ប្រយោជន៍​នៃ​ការ​ទូ​ទាត់​ មិនប្រើ​ក្រដាសប្រាក់​​នៅតាម​សណ្ឋា​គារ ភោជនីយ​ដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ដោយ​​​មិន​ចាំ​បាច់​យក​ប្រាក់​តាមខ្លួន ឬ​ក៏​​​ប្តូរ​​រូបិយ​ប័ណ្ណរបស់​​ប្រទេស​ កំណើត​​ខ្លួន​ទៅ​ជា​ដុល្លារ​អាមេរិក ឬ​ប្រាក់​រៀល​​ឡើយ​។

ដើម្បី​ត្រៀម​​ទទួល​​ព្រឹត្តិការណ៍​ Pi Pay Day ឆ្នាំ​២០១៩ អ្នក​ប្រើប្រាស់​ ផាយ ផេ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​​​ចូលរួម​ក្នុង​កម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រាក់​រង្វាន់​ប្រចាំ​ថ្ងៃ។​ ដោយគ្រាន់តែធ្វើការ​ ដាក់​​​លេខ​កូដ​ក្នុង​កម្មវិធី Pi Pay ​អ្នក​ប្រើប្រាស់​​ទទួលបាននូវ​​ឱកាសនៃការ ផ្សងសំណាង​ប្រាក់រ​ង្វាន់ ៣១៤ដុល្លារ​អាមេរិកប្រចាំ​ថ្ងៃ​​​ ​៣១៤០​ដុល្លារប្រចាំ​សប្តាហ៍ និង​​រង្វាន់​ធំ​ ៣១៤០០​ដុល្លារ សម្រាប់រាល់​ការ​​​ផ្ទេរ​ប្រាក់​ចាប់ពី ​១​ដុល្លារ ទ្បើងទៅតាមរយៈកម្មវិធី ផាយ ផេ​។

ពាក្យ «ផាយ (Pi)» គឺ​ជា​ប្រមាណ​វិធី ​គណិត​វិទ្យា​​ដែល​ត្រូវ​បាន ប្រើប្រាស់​​ដើម្បី​គណ​នា​​ចំណុច ឬ​បរិ​មាត្រ​រង្វង់​មួយ​ពី​​កាំ​រង្វង់​នោះ ហើយ​លេខកាត់​សម្រាប់​ពាក្យ​នេះ​គឺ​ ៣.១៤ ឬ​ខែមីនា ទី​១៤ ដើម្បី​បង្កើត​ឲ្យ​ថ្ងៃ​ដ៏​​ល្អ​ឥត​ខ្ចោះ​​សម្រាប់ ផាយ ផេ ក្នុង​ការ​អប​អរ​ជា​មួយនឹង​អ្នក​ប្រើប្រាស់ និង​ពាណិជ្ជ​ករ​ទូ​ទាំង ព្រះរាជាណាចក្រ​​កម្ពុជា ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top