ព័ត៌មានជាតិ

ពិព័រណ៍ផលិតផលកូរ៉េ អមតាមដំណើរទស្សនកិច្ច របស់ប្រធានាធិបតី នៅកម្ពុជា

ភ្នំពេញ ៖ ជាការភ្ញាក់ផ្អើលមួយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅកម្ពុជានោះ គឺគេឃើញមានក្រុមហ៊ុនកូរ៉េជាង២០ បានធ្វើការតាំងពិព័រណ៍ នៅលើទឹកដីកម្ពុជាផងដែរ ។

បើតាមអ្នករៀបចំកម្មវិធី ជាទូទៅក្រុមហ៊ុនតាំងពិព័រណ៍របស់កូរ៉េ តែងតែធ្វើឡើង ជារៀងរាល់ពេលឲ្យតែ មានដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េ នៅតាមបណ្តាប្រទេសនានាលើ សកលលោក។ ចំណុចនេះ បង្ហាញឲ្យឃើញប្រទេសកូរ៉េ មានបំណងពង្រីកទំហំពាណិជ្ជកម្ម ជាមួយបណ្តាប្រទេស ជាសមាជិអាស៊ាន។ មុនមកដល់កម្ពុជា លោក មូន បានចូលទស្សនកិច្ច នៅព្រុយណេ និងម៉ាឡេស៊ី។

លោក KIM Dohyun អ្នកគ្រប់គ្រងមជ្ឈមណ្ឌល ពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានឲ្យដឹងក្នុងពិព័រណ៍ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ថា មានក្រុមហ៊ុនជាង២០ ទទួលស្គាល់ដោយរដ្ឋាភិបាលកូរ៉េ បានធ្វើការតាំងពិព័រណ៍ផលិតផល ដើម្បីអមដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន ។

លោកបញ្ជាក់ “កម្មវិធីនេះ យើងធ្វើអមជាមួយដំណើរ របស់ប្រធានាធិបតីកូរ៉េមកស្រុកខ្មែរ។ នេះជាលក្ខណៈពិសេសសម្រាប់យើង ហើយជាលើកដំបូង ។ នៅពេលប្រធានាធិបតី ទៅប្រទេសណាយើង រៀបចំកម្មវិធីដូច្នេះ” ។

ជាមួយគ្នានោះដែរ លោក KIM Dohyun ក៏បានឲ្យដឹងថា ក្រុមហ៊ុនតាំងពិព័រណ៍នោះ មានផលិតផលសំអាងការ គ្រឿងចក្រ ថ្នាំពេទ្យ បច្ចេកវិទ្យា ម្ហូបអាហារ ភេសជ្ជៈ និងផលិតផលផ្សេងៗទៀត។ ក្រៅពីក្រុមហ៊ុនកូរ៉េ ក៏មានក្រុមហ៊ុនរបស់ខ្មែរ ជាង៨០ក្រុមហ៊ុន មកធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។

លោកក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនតាំងពិព័រណ៍នេះ គាំទ្រពីរាជរដ្ឋាភិបាលកូរ៉េ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងនិងប្រទេសក្រៅ ។ ជាងនេះ រដ្ឋាភិបាលផ្តល់ទំនុកចិត្តដល់អ្នកទិញ មានន័យថា ក្រុមហ៊ុនណាមួយទិញ ឬធ្វើដៃគូពាណិជ្ជកម្មនោះ រដ្ឋាភិបាលកូរ៉េប្រកាសទទួលស្គាល់ ខណៈកម្មវិធីពិព័ណ៌នេះ ត្រូវបានរដ្ឋាភិបាលកូរ៉េ ប្រកាសទទួលស្គាល់រួចជាស្រេច។

សូមជម្រាបថា លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់កម្ពុជា ជាប្រវត្តិសាស្ត្រ កាលពីរសៀលថ្ងៃទី១៤ មីនា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ មីនា ។

អំឡុងពេលមកដល់កម្ពុជា នៅថ្ងៃដំបូង លោកបានជួបសំណេះសំណាល ជាមួយវិនិយោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងជួបទទួលទានអាហាររួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។

ទស្សនកិច្ចលើកដំបូង មកកាន់កម្ពុជារបស់លោក មូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ដ៏សំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ ៕ ដោយ៖ ស សំណាង

Facebook Comments

To Top