ព័ត៌មានជាតិ

ប.ស.ស បន្តផ្សព្វផ្សាយគោលនយោបាយ​​ ការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ សាលាខេត្តកំពង់ធំ និងមន្ទីរអង្គភាពជុំវិញខេត្ត

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បេឡាជាតិរបបសន្ដិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្ត របបសន្តិសុខសង្គម ជូនមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួម ពីមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាល សាលាខេត្តកំពង់ធំ តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ១៥០នាក់ ។

កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ត្រូវបានរៀបចំឡើង​ ក្នុងគោលបំណង ដើម្បីឱ្យសមាជិក ប.ស.ស ទាំងអស់បានយល់ដឹង កាន់តែច្បាស់ ស្ដីពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ ប័ណ្ណសមាជិក ប.ស.ស និងនីតិវិធី នៃការទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ រួមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្ដល់ជូន។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ដោយស្មោះ និងវាយតម្លៃខ្ពស់ ព្រមទាំងគាំទ្រ យ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បេឡាជាតិ របបសន្តិសុខសង្គម ប.ស.ស ដែលបានពុះពារជំនះ គ្រប់ឧបសគ្គ និងការលំបាកនានា រហូតសម្រេចបាន សមិទ្ធិផលនានាជាច្រើន នាពេលកន្លងមក។ នេះជាការរួមចំណែក ធ្វើឱ្យសម្រេចជោគជ័យ នូវគោលនយោបាយ គាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសជាមួយគ្នានេះផងដែរ ប.ស.ស ក៏បានប្រគល់ប័ណ្ណ សមាជិករបស់ខ្លួនចំនួន សរុបចំនួន ២៣៥ប័ណ្ណ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលក្នុងនោះរួមមាន មន្ត្រីរាជការ រដ្ឋបាល ក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា នៃខេត្តកំពង់ធំ ដើម្បីឱ្យពួកគាត់ទាំងអស់ ទទួលបានសេវាថែទាំសុខភាព នៅគ្រប់មន្ទីរពេទ្យ ដែលបាចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស ដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀតពី ប.ស.ស ៕

Facebook Comments

To Top