ព័ត៌មានជាតិ

បុរសម្នាក់ ដឹកគោឲ្យស៊ីសៅ ត្រូវខ្យល់គ ដេកស្លាប់ផ្កាប់មុខ នៅក្នុងវាលស្រែ

ភ្នំពេញ ៖ បុរសវ័យ៦៦ឆ្នាំម្នាក់ ដឹកគោឲ្យស៊ីសៅ បានដួលដេកស្លាប់ផ្កាប់មុខ នៅក្នុងវាលស្រែ ដោយសារខ្យល់គ បង្កការភ្ញាក់ផ្អើល កើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ពេជ្រ រុណ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាកសិករ ។

នគរបាលបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដឹកគោយកទៅឲ្យស៊ីស្មៅនៅចុងព្រែក ។​ លុះដល់វេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋ មកច្រូតស្មៅគោ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់​ផ្កាប់មុខ នៅក្នុងវាលស្រែ ហើយបាន​រាយការណ៍មកនគរបាលប៉ុស្គិ៍​ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ នគរបាលបានសហការជាមួយកម្លាំងដែលពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ សពជនរងគ្រោះត្រូវបាននគរបាល ប្រគល់ទៅអោយក្រុមគ្រួសារ យកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

To Top