ព័ត៌មានជាតិ

បច្ចេកវិទ្យាឌីជីថល ជាឱកាសឲ្យកម្ពុជាទាញយកប្រយោជន៍ និងពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម

ភ្នំពេញ៖ លោក អូន ព័ន្ធមុន្នីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការទទួលយក បច្ចេកវិទ្យាឌីជីថល វិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយជាកន្លែងដើម្បីបង្កើនផលិតភាព និងការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយក៏ជាឱកាសដែលកម្ពុជា ទាញយកផលប្រយោជន៍ដើម្បីពន្លឿនដំណើរការ នៃឧស្សាហូបនីយកម្ម និងទំនើបកម្ម ។

ក្នុងពិធីបើកសម្ពោធ ពិព័ណ៌ឌីជីថលកម្ពុជា២០១៩ នៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលជាលើកដំបូងនេះ ដើម្បីឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី៤ ដែលរំពឹងថា នឹងបង្កើតឱកាសសម្រាប់ការចាប់ផ្តើមធុរកិច្ច បង្កើនផលិតភាព និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកាន់តែច្រើនឡើងបន្ថែមទៀត ។

លោកបញ្ជាក់ថា “ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងអ្នកវិនិយោគដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមកព្រមទាំងបង្កើត បណ្តាញជំនួញ និងការវិនិយោគ ការលើកកម្ពស់សហគ្រិនភាព នវានុវត្តន៍ឌីជីថល និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យាផងដែរ” ។

លោកបានបន្តថា សេដ្ឋកិច្ចរបស់កម្ពុជា បានផ្លាស់ប្តូរពីការពឹងតែទៅលើវិស័យកសិកម្មជាមូលដ្ឋាន មកជាអ្នកផ្តល់សេវាកម្ម និងឧស្សាហកម្មក្នុងធ្វើសមាហរណកម្មសង្វាក់តម្លៃ ទៅកាន់តំបន់ និងពិភពលោក។ ជាមួយគ្នានេះ ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យបច្ចេកវិទ្យា ក៏នឹងផ្តល់នូវឱកាសដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យដទៃទៀតដូចជា សុខភាពសាធារណៈ សន្តិសុខស្បៀង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអប់រំផងដែរ ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ដែរថា “ អ្នកវិនិយោគនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងបោះទុនវិនិយោគចំពោះការសន្យាជាសហគ្រិន និងគំនិតរបស់ពួក” ។

លោកថា កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថាបច្ចេកវិទ្យាជាឆ្អឹងខ្នងរបស់ប្រទេដែលអាចគាំទ្រដល់កំណើនយ៉ាងឆាប់រហ័ស និងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល៕ ដោយ ព្រឿង វិសាល

Facebook Comments

To Top