នយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េ ប្ដេជ្ញាធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំខ្លាំងឡើង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានប្ដេជ្ញាធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែជិតស្និទ និងរឹងមាំខ្លាំងឡើងបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងចំនួន៥ចំណុចសំខាន់ៗ ក្នុងឱកាសលោកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា។

លោកបានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៤ មីនា ហើយនៅថ្ងៃទី១៦ មីនា ស្អែកនេះ មុនចាកចេញពីកម្ពុជា លោកនឹងចូលទស្សនាប្រាសាទអង្គរវត្តផងដែរ។ លោក មូន ចេអ៊ីន ត្រូវបានគេដឹងថា ជាប្រធានាធិបតីកូរ៉េទី១២ ។ លោកបានចូលកាន់ដំណែងកាលពីឆ្នាំ២០១៧ ។ កម្ពុជាកាលពីអតីតកាលក៏មានប្រធានាធិបតីកូរ៉េ២រូប បានបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។

ងាកមកសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាវិញ ក៏បានដឹកនាំគណៈប្រតិភូចូលរួមទស្សនកិច្ចនៅកូរ៉េជាច្រើនលើក ជាច្រើនសារផងដែរ។ ដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានធ្វើឲ្យពលករខ្មែរជាច្រើនម៉ឺនទៅបំពេញការងារនៅទីនោះ ។ ក្នុងនោះស្រី្តខ្មែរបានយកស្វាមីជាជនជាតិកូរ៉េក៏មានចំនួនច្រើនគួរសមដែរ។ ចំណុចនេះ សម្តេចបានចាត់ទុកប្រទេសជាដន្លងជាមួយប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ និង លោក មូន ចេអ៊ីន ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើឯកសារ៥ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េនៅកម្ពុជា ជាព្រឹត្តការណ៍សំខាន់ សម្រាប់ធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ កាន់តែរឹងមាំ ស៊ីជម្រៅ និងមានវិសាលភាពធំទូលាយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។

សម្ដេចតេជោ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកូរ៉េដែលមានឆន្ទៈបន្តចូលរួមចំណែកកាន់តែធំ ក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសកូរ៉េបានទទួលស្គាល់ និងគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព និងបន្តនិរន្តរភាពនៃ ដំណើរការអភិវឌ្ឍ តាមមាគ៌ាប្រជាធិបតេយ្យ ។

សម្ដេចតេជោបញ្ជាក់ថា “ស្ដីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ ខ្ញុំ និងឯកឧត្ដម មូន ចេអ៊ីន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ សំដៅពូនជ្រុំថែមទៀតនូវទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-កូរ៉េ ។ យើងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ទេសចរណ៍ អប់រំ រវាងប្រទេសយើងទាំងពីរ” ។

សម្ដេចបន្តថា ជាមួយគ្នានេះ ភាគីទាំង២បានឯកភាពគ្នា ជំរុញកិច្ចខិតខំប្រឹងប្រែង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែម ដោយបើកទីផ្សារឲ្យទូលាយជាងមុនសម្រាប់ផលិផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យសមស្របទៅនឹងសក្ដានុពល ។

នាយករដ្ឋមន្ត្រីមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េនេះ នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពកាន់តែសកម្ម ប្រកបដោយផ្លែផ្កា ហើយឈានឡើងដល់កម្រិតខ្ពស់ថែមទៀត ស្របទៅនឹងនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូង របស់សាធារណរដ្ឋកូរ៉េ ក្នុងគោលដៅជំរុញវិបុលភាពរួម ការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជន និងសន្តិភាពជានិរន្តក្នុងតំបន់ ។

ក្នុងឱកាសនោះដែរ ប្រធានាធិបតីកូរ៉េ បានថ្លែងថា កម្ពុជា-កូរ៉េ បានឯកភាពគ្នាបញ្ចប់ការជៀងវាងការយកពន្ធទ្វេដងផងដែរ។ លោកសប្បាយរីករាយ ក្នុងការធ្វើការជាមួយកម្ពុជា ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ និងលោក មូន ចេអ៊ីន បានអញ្ជើញជាអធិបតីភាពក្នុងពីធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៥៖

ទី១-កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩-២០២៣ ។

ទី២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។

ទី៣-អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ។

ទី៤-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ សម្រួលការវិនិយោគពីកូរ៉េ ។

និងទី៥-អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ៕

ដោយ៖ ខា ដា

Facebook Comments

To Top